ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី ១៥លានដុល្លារដល់ក្រុមហ៊ុនមួយដើម្បីជំរុញវិស័យចំណីសត្វរបស់កម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន De Heus TMH Company Limited (DH-TMH) បានចុះហត្ថលេខាទទួលកម្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ១៥លានដុល្លារដើម្បីជំរុញវិស័យចំណីសត្វរបស់កម្ពុជា តាមរយៈការពង្រីកសមត្ថភាពផ្ទុក និងកែច្នៃចំណីសត្វរបស់ក្រុមហ៊ុន DH-TMH នៅក្នុងខេត្តកំពង់ស្ពឺ។
នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma សង្ឃឹមថាតាមរយៈកម្ចីនេះនឹងជួយពង្រឹងតម្លៃចំណីសត្វដែលធ្វើឱ្យជីវភាពរស់នៅរបស់កសិករដាំដំណាំចំណីបសុសត្វ និងត្រី និងគាំត្រកសិកម្មដែលមាននិរន្តភាពនិងភាពធន់នៅកម្ពុជាផងដែរ។
លោកស្រីថា៖ «ការអភិវឌ្ឍការផ្គត់ផ្គង់ចំណីសត្វដែលមានប្រភពក្នុងស្រុក គុណភាពខ្ពស់ និងតម្លៃ សមរម្យ គឺជាកត្តាសំខាន់ក្នុងការការពារសន្តិសុខស្បៀងរបស់កម្ពុជា និងកាត់បន្ថយការពឹង ផ្អែកលើការនាំចូលចំណីសត្វ»។
ការពង្រីកទំហំឃ្លាំង និងលទ្ធកម្មនៃម៉ាស៊ីនកែច្នៃបន្ថែម នឹងជំរុញការផលិតចំណីប្រកបដោយប្រសិទ្ធផល។ គម្រោងនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាចទិញវត្ថុធាតុដើម បានកាន់តែច្រើនពីម្ចាស់កសិដ្ឋាន ខ្នាតតូចក្នុងស្រុក នៃដំណាំពោត ស្រូវ ដំឡូងមី ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន តាមរយៈការបង្កលក្ខណៈ ដល់ការផ្គត់ផ្គង់ផលិតចំណីប្រកបដោយគុណភាពសម្រាប់កសិករចិញ្ចឹមបសុសត្វ និងត្រី។ ជាមួយការវិនិយោគនានាលើឃ្លាំងផ្ទុក ផលិតផលពោតគម្រោងនេះ ក៏គាំទ្រដល់ការដំឡើងម៉ាស៊ីនសម្ងួតអាចរក្សាទុក បានកាន់តែយូរ និងកាត់បន្ថយហានិភ័យដែលបណ្តាលមកពីអាកាសធាតុ។
នាយកប្រតិបត្តិ De Heus នៅអាស៊ី លោក Gabor Fluit បានថ្លែងថាតាមរយៈកិច្ចព្រមព្រៀងជាមួយធានាគារអភិវឌ្ឍន៍អាស៊ីនឹងផ្ដោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងការចែករំលែកចំណេះដឹងជាមួយនឹងបាវចនា «ចំណេះដឹងសកល-ផលជះក្នុងតំបន់» នឹងគាំទ្រនិងពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ប្រូតេអ៊ីនសម្រាប់សត្វនៅកម្ពុជា។
ជំនួយបច្ចេកទេសមួយ នឹងគាំទ្រដល់ការបណ្តុះបណ្តាលសម្រាប់កសិករដាំពោតចំនួន ២,០០០នាក់ និងកសិករចិញ្ចឹមមាន់ចំនួន ២,០០០នាក់ ដែលភាគច្រើនជាស្ត្រី អំពីការអនុវត្តធ្វើឲ្យកសិដ្ឋាន ធន់នឹងអាកាសធាតុ ព្រមទាំងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ការគាំទ្រកសិករជាស្រ្តីនឹងជួយពង្រឹងមុខកាងាររបស់ពួកគាត់នៅក្នុងកសិដ្ឋាន និងជំរុញលទ្ធភាពទទួលបានហិរញ្ញវត្ថុ ដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់ផងដែរ។
ប្រតិបត្តិការនេះ នឹងគាំទ្រដោយមូលនិធិអភិវឌ្ឍន៍អាស៊ី ១៣ (Asian Development Fund 13) Private Sector Window (PSW) តាមរយៈដំណោះស្រាយការធានាដោយផ្នែក (partial guarantee solution)។ PSW គាំទ្រដល់ការអភិវឌ្ឍនវិស័យឯកជននៅក្នុងទីផ្សារកំពុងអភិវឌ្ឍដោយផ្តល់ធនធាន សម្រាប់ហិរញ្ញប្បទានដល់ផលិតផលហិរញ្ញវត្ថុដែលដោះស្រាយ និង កាត់បន្ថយឧបសគ្គទទួលបាន ហិរញ្ញប្បទានទូទៅដែលរារាំងប្រតិបត្តិការក្នុងវិស័យឯកជនជាច្រើន៕