
កម្ពុជា-នីហ្សេរីយ៉ា ឯកភាពឱ្យមានការធ្វើទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍លើវិស័យការងារនៃប្រទេសទាំងពីរ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៉ិត សំហេង បានឯកភាពជាមួយឯកអគ្គរដ្ឋទូតនីហ្សរីយ៉ាលោកស្រី Folakemi I. Akinleye ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងឯកភាពឱ្យមានការធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងកម្រិតថា្នក់រដ្ឋមន្រ្តី និងថ្នាក់មន្រ្តីបច្ចេកទេស នាពេលអនាគត។
ក្នុងជំនួបរវាងរដ្ឋមន្ត្រីការងារ និងឯកអគ្គរដ្ឋទូតនីហ្សរីយ៉ា នៅព្រឹកថ្ងៃអង្គារ៍ ទី២៦ ខែកក្កដានេះ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោកស្រី Folakemi I. Akinleye បានកត់សម្គាល់ថា នៅរាជធានីភ្នំពេញមានអាគារខ្ពស់ៗយ៉ាងច្រើន ដែលបញ្ជាក់ពីសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជាមានភាពរីកចម្រើន។ លោកស្រីរីករាយដែលបានធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាដោយថានឹងអាចពង្រឹងនូវកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព ឲ្យកាន់តែប្រសើរ។
រដ្ឋមន្ត្រីការងារកម្ពុជា លោក អ៉ិត សំហេង បានប្រាប់ទៅកាន់ឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាថា ភាពរីកចម្រើន និងសុខសាន្តរបស់ពលរដ្ឋនាពេលនេះគឺកើតចេញពី នយោបាយឈ្នះឈ្នះរបស់នាយករដ្ឋមន្ត្រី ដែលគោលនយោបាយត្រូវនេះហើយធ្វើឲ្យកម្ពុជាអាចទាក់ទាញអ្នកវិនិយោគមកធ្វើការបណ្តាក់ទុនបង្កើតរោងចក្រ សហគ្រាស ផ្តល់ការងារធ្វើសម្រាប់ពលរដ្ឋឲ្យមានជីវភាពធូរធារជាលំដាប់។
លោករដ្ឋមន្ត្រីក៏បានជម្រាបពីវឌ្ឍនភាពលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកម្ពុជាកំពុងអនុវត្តន រួមមាន ការលើកកម្ពស់លក្ខខណ្ឌការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ការរក្សានិងបង្កើនមុខរបរនិងការងារនៅក្នុង និងក្រៅប្រទេស ការអភិវឌ្ឍរបបសន្តិសុខសង្គម និងការពង្រឹងសេវាគាំទ្រទូទៅ។
បន្ថែមលើនេះ កម្ពុជាបានអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មអន្តរជាតិជាមួយលក្ខខណ្ឌការងារ តាមរយៈគម្រោង ILO-BFC, កម្មវិធីការងារសមរម្យនៅកម្ពុជា, កម្មវិធីសង្គម, និងបទដ្ឋានការងារនៃវិស័យកាត់ដេរ និងវាយនភណ្ឌក្នុងតំបន់អាស៊ី, និងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល។ ចំណែកប្រាក់ឈ្នួលអប្បរមាត្រូវបានតម្លើងជារៀងរាល់ឆ្នាំ តាមរយៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការត្រីភាគី។ ក្នុងឆ្នាំ២០២២ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតវិស័យកាត់ដេរ គឺ ១៩៤ដុល្លារអាមេរិក/ខែ រីឯអត្រាអ្នកអត់ការងារធ្វើរង្វង់តែ ០.៣%។
ចុងក្រោយនៃជំនួបភាគីទាំងពីរនឹងពិនិត្យមើលលើលទ្ធភាពនៃការផ្លាស់ប្ដូររបទពិសោធន៍គ្នាទៅវិញទៅមកលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងកម្រិតថា្នក់រដ្ឋមន្រ្តី និងថ្នាក់មន្រ្តីបច្ចេកទេស នាពេលអនាគតផងដែរ៕