អង់គ្លេស៖ កីឡាការិនីជប៉ុន Naomi Osaka នឹងមិនចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ Grand Slam : Wimbledon ក្នុងឆ្នាំនេះឡើយ ប៉ុន្តែនាងមានផែនការក្នុងការត្រឡប់មកក្នុងការប្រកួតអូឡាំពិកនាទីក្រុងតូក្យូឆ្នាំនេះ។
ម្ចាស់ជើងឯក Grand Slam ៤សម័យបានបង្ហាញពីគម្រោងក្នុងការចំណាយពេលជាមួយក្រុមគ្រួសារ និងមនុស្សជិតស្និទ្ធរបស់នាង ស្របពេលដែលនាងក៏បានដកខ្លួនពីព្រឹត្តិការណ៍ French Open កន្លងទៅផងដែរ កាលពីខែឧសភាកន្លងទៅផងដែរ។ Naomi Osaka បច្ចុប្បន្នមានវ័យ ២៣ឆ្នាំ បានដកខ្លួនពីការប្រកួតអន្តរជាតិនានា ដែលនាងបានឱ្យហេតុផលថា ការដកខ្លួននេះគឺបណ្តាលមកពីការជួបប្រទះទៅនឹងបញ្ហាបាក់ទឹកចិត្ត និងសម្ពាធផ្លូវអារម្មណ៍។
Naomi Osaka ថ្មីៗនេះបានទទួលរងការពិន័យជាទឹកប្រាក់ចំនួន ១៥,០០០ដុល្លារអាមេរិកផងដែរ ពីកំហុសដែលនាងបានបដិសេធមិនព្រមចូលរួមសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតជុំទី១ នៅ Rolland Garros ខណៈក្រោយមកនាងក៏បានដកខ្លួនពីព្រឹត្តិការណ៍នោះដោយនាងបាននិយាយថា "នាងក៏ត្រូវការពារបញ្ហាសុខភាពផ្លូវចិត្តរបស់នាងផងដែរ"។
យ៉ាងណាក៏ដោយ កីឡាការិនីលំដាប់លេខ ២ពិភពលោករូបនេះ កំពុងសម្លឹងឃើញការវិលត្រឡប់មកវិញក្នុងព្រឹត្តិការណ៍អូឡាំពិកនៅប្រទេសជប៉ុន ដោយនាងបាននិយាយថា វាគឺជារឿងរំភើប និងរីករាយមួយសម្រាប់ការប្រកួតចំពោះមុខអ្នកគាំទ្រនៅក្នុងប្រទេសកំណើតរបស់ខ្លួន។ ព្រឹត្តិការណ៍អូឡាំពិកដែលកំពុងស្ថិតក្នុងមន្ទិល បើតាមគម្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ៕