ភ្នំពេញ៖ រដ្ឋសភាកម្ពុជានឹងបន្តសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅវេលាម៉ោង៨ព្រឹក នៅវិមានរដ្ឋសភា ដើម្បីប្រជុំអនុម័តច្បាប់សំខាន់ៗមួយចំនួនដែលរួមមានវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ផងដែរ។
ការសម្រេចបន្តប្រជុំសភាពេញអង្គនេះធ្វើឡើងបន្ទាប់ពីប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន បានបើកកិច្ចប្រជុំគណៈអចិន្ត្រៃយ៍សភានៅព្រឹកថ្ងៃច័ន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។
សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជា ប្រក្រតីនៃស្ថាប័នជាតិត្រូវបានគណៈរដ្ឋមន្ត្រីប្រជុំអនុម័តកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
អ្វីដែលជាកត់សម្គាល់ក្នុងសេចក្ដីព្រាងច្បាប់ធម្មនុញ្ញថ្មីនេះ គឺបានអនុញ្ញាឱ្យគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាទូលស្នើព្រះមហាក្សត្រចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ឱ្យបង្កើតរាជរដ្ឋាភិបាលបានដោយត្រូវឆ្លងកាត់សភា និងនីតិវិធីបន្ថែមសម្រាប់ដំណើរការរដ្ឋបង្កើតរដ្ឋាភិបាលថ្មីក្នុងពេលអវត្តមាននាយករដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីលាលែងពីតំណែង។
បើតាមរដ្ឋមន្រ្តីយុត្តិធម៌ កើត រិទ្ធ ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញនាពេលនេះគឺវាចាំបាច់ក្នុងការធានានូវដំណើរការរបស់ស្ថាប័នរដ្ឋថែរក្សាស្ថិរភាព សន្ដិភាព ក្ដីសុខសាន្តរបស់ប្រជាជន បំពេញនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ហើយនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃរបបប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបដឹកនាំអាស្រ័យសភាពរបស់កម្ពុជា៕