ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងសុខាភិបាលបញ្ជាក់ថាមិនទាន់មានការហាមឃាត់អ្នកដំណើរមកពីប្រទេសណាមួយចូលមកកម្ពុជាដោយសារជំងឺអុតស្វាទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលឲ្យដឹងថារហូតមកដល់ពេលនេះមិនទាន់មានការហាមឃាត់អ្នកដំណើរមកពីប្រទេសណាមួយចូលមកកម្ពុជាដោយសារជំងឺអុតស្វាទេ។ ដោយគ្រាន់តែមានការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពអ្នកដំណើរចូលមកកម្ពុជា។

ការបញ្ចាក់នេះគឺបន្ទាប់ពីបានរកឃើញបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ដែលផ្ទុកជំងឺអុតស្វាគេងពីការព្យាបាលនៅថៃចូលកម្ពុជាកាលពីម្សិលមិញ។

បើទោះមិនទាន់មានការហាមឃាត់អ្នកដំណើរអន្តរជាតិពីប្រទេសណាមួយក្ដី តែក្រសួងបានជំរុញដល់មន្ត្រីប្រចាំការនៅច្រកចេញចូលអន្តរជាតិ ត្រូវយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់ នូវអ្នកដំណើរចូលមកកម្ពុជា ប្រសិនបើបុគ្គលមានកន្ទួលរមាស់ ឬចេញពងទឹកនៅលើសរីរាង្គ អមដោយមានគ្រុនក្តៅ និងមានរោគសញ្ញាដូចជំងឺអុតស្វាដែលមានប្រវត្តិធ្វើដំណើរមកពីបណ្ដាប្រទេសប៉ែកខាងអាហ្វ្រិក ដែល មានកើតជំងឺអុតស្វាបែបអង់ដេមី (Monkeypoxendemic) មានដូចជា ប្រទេសបេណាំង (Benin), កាមេរ៉ូន (Cameroon, សាធារណរដ្ឋអាហ្វ្រិកកណ្ដាល (the Central African Republic), សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្វូ (the Democratic Republic of the Congo), ហ្គាបុង (Gabon), ហ្គាណា (Ghana), កូដឌីវ័រ (Ivory Coast), លីបេរី (Liberia), នីហ្សេរីយ៉ា (Nigeria), សាធារណរដ្ឋកុងហ្គោ (the Republic of the Congo, សេរ៉ាឡេអុង (Sierra Leone), និងប្រទេសស៊ូដង់ខាងត្បូង (South Sudan)។

ជាងនេះទៀតក៏ត្រូវណែនាំអ្នកធ្វើដំណើរទៅកាន់តំបន់ដែលមានជំងឺរាតត្បាត ឱ្យចេះការពារខ្លួន និងជៀសវាងការប៉ះ ពាល់ជាមួយសត្វដែលមានជំងឺ (សត្វស្លាប់ ឬនៅរស់) ដែលអាចមានផ្ទុកនៅវីរុសអុតស្វា (Monkeypox) នេះ (ដូច ជាពពួកសត្វកកេរ សត្វប្រភេទបែបដូចកង់ហ្គូរ៉ូ និងថនិកសត្វ) ហើយគួរចៀសវាងការបរិភោគសាច់សត្វ។

ចំពោះពលរដ្ឋដែលមានរោគសញ្ញាមិនធម្មតា និងរោគសញ្ញាដែលសង្ស័យត្រូវរាយការណ៍ជូនទៅអ្នកជំនាញសុខភាព រួមជាមួយនឹងប្រវត្តិធ្វើដំណើររបស់អ្នកជំងឺ និងរាយការណ៍ជូនទៅអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរមានសមត្ថកិច្ច។

ជំងឺអុតស្វាមានរោគសញ្ញា ចេញកន្ទួលរមាស់បែកពងទឹកនៅលើផ្ទៃមុខ ដងខ្លួន បាតដៃ បាតជើង ឬប្រដាប់ភេទ អមដោយរោគសញ្ញាក្ដៅខ្លួនលើសពី ៣៨,៥អង្សាសេ និងមានឈឺក្បាល ហើមកូនកណ្ដុល ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅកាន់កន្លែងដែលមានកើតជំងឺអុតស្វា។

ក្រសួងសុខាភិបាលបានណែនាំឱ្យពលរដ្ឋត្រូវអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ដោយធ្វើអនាម័យដៃស្អាតលាងជាមួយសាប៊ូ ឬជែលអាល់កុល ជៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ឬប្រើប្រាស់សម្ភារៈរួមគ្នា បរិភោគអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារ ជៀសវាងប៉ះពាល់ជាមួយសត្វ ហើយបើជ្រុលជាប៉ះសូមកុំយកដៃទៅប៉ះពាល់សរីរាង្គណាមួយលើដងខ្លួនឱ្យសោះ និងត្រូវលាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុលភ្លាមៗ។

ក្រសួងជំរុញដល់អ្នកដែលមានកន្ទួលរម៉ាស់ អមដោយគ្រុនក្ដៅ និងមានរោគសញ្ញាស្រដៀងនឹងជំងឺអុតស្វាយសូមទៅពិគ្រោះជាមួយគ្រូពេទ្យដែលនៅជិតបំផុត និងត្រូវដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗរហូតដល់មានការវិនិច្ឆ័យច្បាស់លាស់ខណៈបុគ្គលដែលសង្ស័យតែមិនមានរោគសញ្ញា មិនត្រូវដាក់ធ្វើចត្តាឡីស័កទេ ហើយអាចធ្វើការងារជាធម្មតាគ្រាន់តែមានការប្រុងប្រយ័ត្ន ដោយមិនត្រូវមានការប៉ះពាល់អ្នកដទៃក្នុងកំឡុងពេលធ្វើការតាមដានសុខភាពរយៈពេល ២១ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកឈឺជំងឺអុតស្វានេះ។

ក្រសួងក៏ជំរុញដល់អាជ្ញាធរមូលដ្ឋាន បន្តអប់រំសុខភាពប្រជាជន និងលើកកម្ពស់ការយល់ដឹងស្ដីពីការចម្លងការពារការចម្លងរោគនៅក្នុងសហគមន៍របស់ខ្លួនផងដែរ។ ក្រៅពីនេះក្រសួងក៏ណែនាំដល់បុគ្គលិកសុខាភិបាលឱ្យចេះការពារខ្លួននៅពេលមានករណីសង្ស័យ ខណៈនៅត្រូវមានមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់នៅតាមច្រកព្រំដែន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក