ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អាស៊ានបានកត់សម្គាល់ពីស្ថានភាព និងការវិវត្តននៃឧក្រិដ្ខកម្មឆ្លងដែនដែលថានៅតែកើនមានច្រើនបើទោះបីមានការរឹតបន្ដឹងការធ្វើដំណើរដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។ ការកត់សម្គាល់នវធ្វើឡើងក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ (22nd SOMTC and Its Related Meetings) សរុបចំនួន ១១កិច្ចប្រជុំ ចាប់ពីថ្ងៃទី ១៩-២១ ខែកក្កដា ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
មន្ត្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែននៃបណ្តារដ្ឋសមាជិកអាស៊ានបាន លើកឡើងថាបទល្មើសមួយចំនួនបន្តមានការកើនឡើងនៅក្នុងតំបន់រួមមាន ការជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្សឆ្លងដែន បទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន អំពើជួញដូរមនុស្ស បទល្មើសសម្អាតប្រាក់ និងបទល្មើសសេដ្ឋកិច្ចអន្តរជាតិ ជាដើមដែលបទល្មើសទាំងនេះក៏ជារបៀបវារៈយ៉ាងសំខាន់សម្រាប់មន្ត្រីជាន់ខ្ពស់ក្នុងវិស័យអនុវត្តច្បាប់នៃបណ្តារដ្ឋសមាជិកអាស៊ាន ធ្វើការពិភាក្សា និងស្វែងរកដំណោះស្រាយដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាប ប្រកបដោយប្រសិទ្ធភាព ដើម្បីបុព្វហេតុសន្តិសុខ ការអភិវឌ្ឍ វិបុលភាព និងភាពសុខដុមរមនា សម្រាប់សហគមន៍អាស៊ានទាំងមូល។
ក្នុងពេលជាមួយគ្នានេះកិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាអំពីការបន្តសុពលភាពឯកសារសហប្រតិបត្តិការមួយចំនួន ដែលបានផុតសុពលភាព ឬជិតផុតសុពលភាព ដើម្បីកំណត់ និងដាក់ចេញទិសដៅការងារបន្តនៅក្នុង ដំណើរការកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានាដែលស្ថិតក្រោមឧក្រិដ្ឋកម្មឆ្លងដែន ។
ក្នុងក្របខណ្ឌនៃកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ ក្រុមការងារ SOMTC-កម្ពុជា ដឹកនាំដោយ នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ ក៏បានធ្វើជាប្រធានកិច្ចប្រជុំពិគ្រោះយោបល់លើកទី១៩ រវាងមន្ត្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនបូកជាមួយដៃគូសន្ទនា ចិន-ជប៉ុន-កូរ៉េខាងត្បូង (19” SOMTC + 3) ផងដែរ។
ក្នុងកិច្ចប្រជុំនេះមន្ត្រីជាន់ខ្ពស់នៃបណ្តារដ្ឋសមាជិកអាស៊ាន និងមន្ត្រីជាន់ខ្ពស់បូកបី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ព្រមទាំងបានពិភាក្សា និងលើកឡើងនូវគំនិតផ្តួចផ្តើមថ្មីៗ ក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងមន្ត្រីអនុវត្តច្បាប់នៃប្រទេសសមាជិកអាស៊ានជាមួយដៃគូសន្ទនាបូកបី ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងការបំពេញភារកិច្ចថែរក្សាការពារសន្តិសុខនៅក្នុងតំបន់។
ក្រៅពីកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំបូកបីខាងលើនេះ ក្រុមការងារ SOMTC-កម្ពុជា ក៏បានធ្វើ ជាម្ចាស់ផ្ទះរៀបចំ និងចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ រវាងមន្ត្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្ម ឆ្លងដែន បូកជាមួយប្រទេសដៃគូសន្ទនាដទៃទៀត (SOMTC + Dialogue Partner Consultation) រួមមាន កាណាដា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក នូវែលសេឡង់ និងអូស្ត្រាលី។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទាំងនេះ មន្ត្រីជាន់ខ្ពស់អាស៊ាន និងដៃគូសន្ទនា បានផ្លាស់ប្ដូរយោបល់ និងវាយតម្លៃលើកិច្ចសហប្រតិបត្តិការរយៈពេលមួយឆ្នាំកន្លងមករវាងអាស៊ាន និងដៃគូសន្ទនា ព្រមទាំងបានពិនិត្យ និងពិភាក្សាលើការបន្តសុពលភាពឯកសារសហប្រតិបត្តិការ និងការពិចារណាដាក់ បញ្ចូលចំណុចអាទិភាព និងគំនិតផ្តួចផ្តើមនានា សំដៅពង្រឹង និងពង្រីកទំនាក់ទំនងក្នុងវិស័យអនុវត្តច្បាប់ រវាងអាស៊ាន និងដៃគូសន្ទនា កាន់តែសកម្ម និងខ្លាំងក្លាថែមទៀត ឆ្លើយតបទៅនឹងការវិវត្តនៃស្ថានភាព សន្តិសុខនៅក្នុងតំបន់ និងសកលលោក៕