ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណបក្ស៤ដាក់ញត្តិរួមសុំឱ្យសភាពិចារណាទម្លាក់ចោលគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ គណបក្សចំនួន៤បានដាក់ញត្តិរួមគ្នាមួយទៅរដ្ឋសភានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដានេះសុំឱ្យរដ្ឋសភាទម្លាក់ចោលគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលព្រាងដោយរដ្ឋាភិបាល ដោយថាការធ្វើវិសោធនកម្មនេះនឹងធ្វើឱ្យអំណាចរដ្ឋសភាកាន់តែចុះខ្សោយ។ ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានច្រានចោលនឹងស្នើដល់អ្នកទាំងនោះទៅមើលសន្នីសិទសារព័ត៌មានរបស់រដ្ឋមន្ត្រី កើត រិទ្ធ បកស្រាយឡើងវិញ។

គណបក្សចំនួន៤នោះរួមមាន គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា។

តំណាងគណបក្សដែលបានដាក់ញ្ញត្តិនេះលោក យ៉េង វីរៈ បានថ្លែងថា មាត្រាចំនួន២នៃសេចក្ដីព្រាងវិសោធនកម្មនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អំណាចរបស់សភាគឺមាត្រា១១៩ថ្មី ដែលអនុញ្ញាតដល់គណបក្សដែលមានអាសនៈច្រើនជាងគេចាត់តាំងនាយករដ្ឋមន្ត្រីស្នើទៅព្រះមហាក្សត្រដោយផ្ទាល់ដោយពុំចាំបាច់ឆ្លងកាត់ប្រធានសភា និងមាត្រា៩៨ ដែលទាក់ទងនឹងការធ្វើញ្ញាត្តិបន្ទោសសមាជិករាជរដ្ឋាភិបាល។

លោកថា៖ «យើងមិនគាំទ្រសំណើរធ្វើវិសោធនកម្មហ្នឹងទេ! ហើយយើងសុំឱ្យរដ្ឋសភាកុំអនុម័តសំណើរធ្វើវិសោធនកម្មហ្នឹង»

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់មកកាន់ EAC News ថាអ្វីដែលក្រុមគណបក្សទាំង៤នេះលើកឡើងគឺមិនត្រូវទៅនឹងខ្លឹមសារនៃការធ្វើវិសោធនកម្ម ដោយលោកស្នើឱ្យអ្នកទាំងនោះទៅមើលខ្លឹមសារនៃវិសោធនកម្មឡើងវិញ ឬស្ដាប់ការបកស្រាយរបស់រដ្ឋមន្ត្រីយុត្តិធម៌ក្នុងសន្នីសិទសារព័ត៌មានដែលធ្វើកាលពីថ្ងៃទី១៤ ខែកក្កដា ឡើងវិញ។

លោកថា៖ «បើគាត់នៅតែមិនយល់ទៀតសុំឱ្យគាត់សួរចំណុចណាដែលគាត់មិនយល់ឬមួយក៏គាត់ចង់បានការពន្យល់បន្ថែមយើងរីករាយនឹងពន្យល់គាត់លំអិត។ […] ក៏ប៉ុន្ដែក្នុងករណីដែលគាត់យល់ហើយគាត់ធ្វើជាមិនយល់ហើយបន្តការរិះគន់ ការអត្ថាធិប្បាយចោទប្រកាន់ ដែលខុសពីគោលបំណងនិងខ្លឹមសារពិតប្រាកដនៃការធ្វើវិសោធនកម្មដើម្បីការចំណេញផលប្រយោចន៍ផ្នែកនយោបាយរបស់ក្រុម និងបក្សពួកខ្លួននោះរឿងហ្នឹងយើងក៏មិនដឹងថាធ្វើយ៉ាងមិចដែរ»

កាលពីថ្ងៃសុក្រ ទី៨ ខែកក្កដា គណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញធ្វើវិសោនកម្មមាត្រាចំនួន៨នៃរដ្ឋធម្មនុញ្ញ ច្បាប់នេះត្រូវបានរដ្ឋសភាទទួលយកនឹងបញ្ជូនទៅគណៈកម្មការជំនាញដើម្បីត្រួតពិនិត្យសិក្សានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

ក្នុងសន្នីសិទកាសែតកាលពីថ្ងៃទី១៤ ខែកក្កដា រដ្ឋមន្ត្រីយុត្តិធម៌លោក កើត រិទ្ធ បានបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះគឺដើម្បីគោរពនូវឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដែលម្ចាស់ឆ្នោតបោះរើសគណបក្ស ដូច្នេះគណបក្សនយោបាយមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភាគឺត្រូវតែជាអ្នកដឹកនាំរដ្ឋាភិបាល ហើយបើទោះបីជាគណបក្សមានសិទ្ធិស្នើព្រះមហាក្សត្រចាត់តាំងនាយករដ្ឋមន្ត្រីឱ្យបង្កើតរដ្ឋាភិបាលក្ដី តែរដ្ឋសភានៅតែមានសិទ្ធិពេញដីក្នុងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តបង្កើតរដ្ឋាភិបាលដែល។

លោកបានបន្ថែមថា៖ «គឺចាត់តាំងវរជនមួយរូបធ្វើជានាយករដ្ឋមន្ត្រីហើយវរជនមួយរូបនេះគាត់ទៅផ្គូរផ្គងនូវសមាសធាតុផ្សេងៗដើម្បីបង្កើតជារាជរដ្ឋាភិបាល។ ប៉ុន្ដែគ្រាន់បង្កើតចេញជាបញ្ជីទេ! មិនទាន់បង្កើតជាគណៈរដ្ឋមន្ត្រីទេ ទាល់តែយកទៅឆ្លងរដ្ឋសភាហើយរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តតាមមតិភាគច្រើនដាច់ខាតទើបគណៈរដ្ឋមន្ត្រីត្រូវបានតែងតាំងដោយព្រះមហាក្សត្រតាមរយៈព្រះរាជក្រឹត្យ។ [..] អញ្ចឹងអំណាចរបស់សភានៅកន្លែងណា? អំណាចរដ្ឋសភាគឺនៅកន្លែងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ៥០% បូក១ គឺជាអំណាចរបស់សភា។ ក្នុងរបបសភានិយមគឺអំណាចនៅកន្លែងហ្នឹងឯង»

លោកក៏បានបញ្ជាក់ពីការធ្វើវិសោធនកម្មមាត្រា៩៨ គឺដើម្បីធ្វើឱ្យមានក្បួនខ្នាតនិងស្របគោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ។

លោកថា៖ «យើងដាក់ជាសំណួរមើលថាតើ៣០នាក់ហ្នឹងបានខ្នាតមកពីណា? បើរដ្ឋធម្មនុញ្ញយើង ១ភាគ៣ ២ភាគ៣ ១ភាគ១០ ១ភាគ៤ គេប្រើខ្នាត១ភាគទាំងអស់។ ដល់ចម្លែកមាត្រាមួយដាក់៣០!»

បើតាមលោករដ្ឋមន្រ្តី កើត រិទ្ធ ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញនាពេលនេះគឺវាចាំបាច់ក្នុងការធានានូវដំណើរការរបស់ស្ថាប័នរដ្ឋថែរក្សាស្ថិរភាព សន្ដិភាព ក្ដីសុខសាន្តរបស់ប្រជាជន បំពេញនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ហើយនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃរបបប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបដឹកនាំអាស្រ័យសភាពរបស់កម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក