រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥នៅភ្នំពេញ
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងធ្វើដំណើរមកចូលរួមកិច្ចប្រចុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងធ្វើឡើងពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ខាងមុខ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ AKP បានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថាលោកបានផ្ញើរលិខិតអញ្ជើញទៅរដ្ឋមន្ត្រីការបរទេសប្រទេសចំនួន ៣៨ ក្នុងនោះក៏មានរុស្ស៊ីផងដែរ។ ខណៈដែលស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាបានបញ្ជាក់ពីការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសប្រទេសមហាអំណាចនេះមកកម្ពុជាផងដែរ។
លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានបញ្ជាក់ថា រុស្ស៊ីគឺជាដៃគូសន្ទនាមួយរបស់អាស៊ាន ក្នុងនោះក៏មានកម្មវិធីប្រជុំរវាងអាស៊ាន និងរុស្ស៊ីផងដែរ។ លោកបានបន្ដថា បញ្ហាសំខាន់ជាងនេះទៀត កម្ពុជា គឺជាប្រទេសសម្របសម្រួលរវាងអាស៊ាន និងរុស្ស៊ី ហើយរដ្ឋមន្រ្ដីការបរទេសរុស្ស៊ីដែលនឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នឹងក្លាយទៅជាសហប្រធាននៃកិច្ចប្រជុំរវាងអាស៊ាន និងរុស្ស៊ី។
លោកឧបនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍បន្តថា ចំពោះបណ្ដាប្រទេសមួយចំនួនបានឆ្លើយតប ហើយប្រទេសមួយចំនួននៅមិនទាន់ឆ្លើយតប ដោយសារតែរដ្ឋមន្រ្ដីខ្លះគាត់មានកិច្ចការរវល់ខ្លាំង។ ទន្ទឹមនេះ គណៈប្រតិភូដែលបានមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា គឺមានចំនួន៣៨ប្រទេស ក្នុងនោះរួមទាំងកម្ពុជាជាម្ចាស់ផ្ទះផង គឺសរុប ៣៩ប្រទេស។ សម្រាប់គណៈប្រតិភូដែលចូលរួមក្នុងវេទិកាតំបន់អាស៊ានមានចំនួន ២៧ប្រទេស ហើយគណៈប្រតិភូដែលជាភ្ញៀវរបស់អាស៊ាន ចូលរួមប្រជុំមានចំនួន ១២ប្រទេស៕