ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដែលមានសមាសភាពពីក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៧ និងអ្នកជំនាញ់ផ្នែកច្បាប់និងសេដ្ឋកិច្ចមួយចំនួនទៀត។
គណៈកម្មាធិការនេះត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្កិ ដោយមានអនុប្រធាន៤រូបពីក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងក្រសួងមហាផ្ទៃ និងមានសមាជិកចំនួន៩នាក់។
ប្រការនៃសេចក្ដីសម្រេចនេះចុះថ្ងៃទី១៤ ខែកក្កដា នេះចែងថា៖ «សមាសភាពខាងលើត្រូវអនុវត្តតួនាទីនិងភារកិច្ចដូចមានចែងនៅក្នុងច្បាប់ស្ដីពីការប្រកួតប្រជែងនិងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា»។
ច្បាប់ស្ដីពីការប្រកួតប្រជែងកម្ពុជាត្រូវបានព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។ ច្បាប់នេះកំណត់អំពីសកម្មភាពដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែង ព្រមទាំងបង្កើតនិងកំណត់សមត្ថកិច្ចរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ក្នុងគោលបំណងដើម្បីលើកទឹកចិត្តឱ្យមានទំនាក់ទំនងធុរកិច្ចថ្មីៗ និងជួយអ្នកប្រើប្រាស់ឱ្យទទួលបានទំនិញនិងសេវាមានគុណភាពខ្ពស់ ថ្លៃទាប សម្បូរបែប និងមានជម្រើសច្រើន៕



