ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់បួនក្នុងនោះមានសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៨មាត្រាទៅឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា។
ការសម្រេចទទួលយកនេះគឺបន្ទាប់ពីប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ។
សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជា ប្រក្រតីនៃស្ថាប័នជាតិត្រូវបានគណៈរដ្ឋមន្ត្រីប្រជុំអនុម័តកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
អ្វីដែលជាកត់សម្គាល់ក្នុងសេចក្ដីព្រាងច្បាប់ធម្មនុញ្ញថ្មីនេះ គឺបានអនុញ្ញាឱ្យគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាទូលស្នើព្រះមហាក្សត្រចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ឱ្យបង្កើតរាជរដ្ឋាភិបាលបាន និងនីតិវិធីដំណើរការក្នុងពេលអវត្តមាននាយករដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីលាលែងពីតំណែង។
បើតាមលោករដ្ឋមន្រ្តី កើត រិទ្ធ ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញនាពេលនេះគឺវាចាំបាច់ក្នុងការធានានូវដំណើរការរបស់ស្ថាប័នរដ្ឋថែរក្សាស្ថិរភាព សន្ដិភាព ក្ដីសុខសាន្តរបស់ប្រជាជន បំពេញនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ហើយនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃរបបប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបដឹកនាំអាស្រ័យសភាពរបស់កម្ពុជា៕