ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្ថែមនាយករងរដ្ឋបាលក្នុងខេត្តរាជធានីចំនួន ២រូបបន្ថែមតាមរដ្ឋបាលខេត្តរាជធានីនីមួយៗ និងបានបន្ថែមនាយករងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន ១រូបបន្ថែមផងដែរ។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
ក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន នេះបានឱ្យដឹងថាការសម្រេចបន្ថែមនាយករងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ខេត្ត រាជធានី នេះដោយធ្វើឡើងតាមសំណើររបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី១៧ ខែមិថុនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ដល់ចំនួន ១១នាក់ និងគណៈអភិបាលក្រុង ស្រុក ខណ្ឌ ដល់ចំនួន ៧នាក់។ ការបង្កើននេះដោយយោងតាមច្បាប់វិសោធនកម្មស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលទើបនឹងត្រូវព្រះមហាក្សត្រឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ៕