រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

គ្រូបង្រៀនកុមារអូទីស្សឹមព្យាយាមជំនះនូវឧបសគ្គព្រោះចង់ឃើញសិស្សទទួលបានការរីកចម្រើនដូចកុមារទូទៅ

កណ្ដាល៖ អ្នកគ្រូ នួន ធាវី បង្រៀនកុមារអូទីស្សឹមនៅវិទ្យាល័យអប់រំពិសេសតាខ្មៅ។ នាងប្រាប់រឿងរ៉ាវរបស់នាងអំពីអ្វីដែលនាងត្រូវធ្វើឱ្យល្អបំផុតដែលនាងអាចធ្វើបានសម្រាប់កុមារអូទីស្សឹមទាំងអស់។ 

អ្នកគ្រូ នួន ធាវី ថានាងចង់ចូលរួមចំណែកជួយសង្គមបន្ទាប់ពីនាងបានបញ្ចប់ការសិក្សា ប៉ុន្តែនាងមិនដឹងថាត្រូវធ្វើដោយរបៀបណានោះទេរហូតដល់នាងបានចូលបង្រៀននៅវិទ្យាល័យអប់រំពិសេសតាខ្មៅ បន្ទាប់ពីធ្វើការស្ម័គ្រចិត្តជាច្រើនឆ្នាំនៅអង្គការក្រៅរដ្ឋាភិបាលជាច្រើន។ ដំបូងនាងមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះអ្វីដែលនាងបានឃើញនៅសាលា ប៉ុន្តែជំនួសឱ្យការរើសអើង នាងមានអារម្មណ៍អាណិត និងសន្យានឹងខ្លួនឯងថាត្រូវជួយដល់ពួកគេ។

នួន ធាវី៖ «កាលដែលរៀនចប់ហ្នឹងខ្ញុំគិតថា ការដែលរៀនចប់គឺខ្ញុំគិតថាខ្ញុំត្រូវមានចំណែកមួយចូលរួមក្នុងសង្គម។ ខ្ញុំគិតថាតើខ្ញុំគួរធ្វើអីគេដើម្បីឱ្យខ្ញុំបានចូលរួមក្នុងសង្គមអញ្ចឹង។ បន្ទាប់មកខ្ញុំបានឮឈ្មោះអង្គការខាងជនពិការហ្នឹងច្រើនអញ្ចឹងខ្ញុំដើរដាក់ពាក្យច្រើ់ន។ […] ឮសាលាហ្នឹងរើសអញ្ចឹងខ្ញុំសុំដាក់ពាក្យទៀតចំពេលចៃដន្យអីពេលហ្នឹងមានអ្នកគ្រូម្នាក់គាត់ឈប់ អញ្ចឹងគេត្រូវការរើសបន្ទាន់។ ដល់គាត់មើល CV ខ្ញុំទៅឃើញថាខ្ញុំមានបទពិសោធន៍ជាមួយក្មេងដែរអញ្ចឹង! តែខ្ញុំអត់បានចូលខាងពិការទេ ខ្ញុំបានចូលតែក្មេងធម្មតាដល់អញ្ចឹងខ្ញុំចង់សាកល្បង។ ពេលខ្ញុំមកដំបូងខ្ញុំមានការភ័យខ្លាចមែនទែន ព្រោះដោយសារតែពីមុនខ្ញុំអត់ធ្លាប់ឃើញ ព្រោះគាត់ដើរមកដើរមករកយើងតែម្ដង ហើយពេលអញ្ចឹងអោបដៃ អោបជើងទៅមកអញ្ចឹង។ ខ្ញុំឃើញអញ្ចឹងខ្លាចណាស់! ហើយពេលខ្លះយើងអត់ធ្លាប់ឃើញគាត់ហៀរទឹកមាត់ គាត់រត់ទៅធ្វើដៃធ្វើជើង។ យើងមានអារម្មណ៍ថាខ្លាចគាត់ តែអត់មានការស្អប់ខ្ពើមអីទេ! គ្រាន់តែមានអារម្មណ៍ថាអត់ស្និតស្នាលជាមួយគាត់»។ 

អ្នកគ្រូបន្ថែមថា៖ «ដល់ពេលចូលមកដល់គឺខ្ញុំឃើញគាត់អញ្ចឹង ខ្ញុំចេះតែអង្គុយមើលគាត់ហ្នឹង។ ដល់ពេលខ្ញុំមើលគាត់ហើយខ្ញុំថាគាត់អត់មានគួរស្អប់ខ្ពើមទេ គឺគួរឱ្យអាណិតវិញ»។ 

នាងបានឱ្យដឹងថា អ្វីដែលកុមារត្រូវការបំផុតគឺសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់។ បន្ទាប់មកនាងបានចាប់ផ្ដើមស្វែងយល់ពីតម្រូវការរបស់ពួកគេនិងជួយពួកគេ។

អ្នកគ្រូ នួន ធាវី បន្ថែមថា៖ «ដល់ពេលខ្ញុំចេះតែផ្ដល់ភាពស្និទស្នាលដល់គាត់ ផ្ដល់ភាពកក់ក្ដៅទៅវិញទៅមកទើបខ្ញុំយល់ពីតម្រូវការរបស់គាត់កាន់តែច្រើន។ ដល់ពេលក្រោយមកមេគាត់សួរថាតើមានអារម្មណ៍យ៉ាងមិចដែរ? ខ្ញុំថាកាលពីមុនខ្ញុំថាសាកល្បងទេ តែឥឡូវខ្ញុំលែងសាកល្បងហើយគឺខ្ញុំស្រលាញ់ ព្រោះអីមើលទៅប្រហែលជាខ្ញុំអាចជួយគាត់បាន»។ 

នួន ធាវី បាននិយាយថា នាងបានសិក្សា និងស្រាវជ្រាវនូវអ្វីដែលនាងអាចធ្វើបានព្រោះនៅពេលដែលនាងបង្រៀននៅសាលានេះអ្វីទាំងអស់គឺសុទ្ធតែថ្មីសម្រាប់នាង។ នាងបានរៀនពីមនុស្សគ្រប់គ្នា រួមទាំងកុមារនៅក្នុងសាលាផងដែរ។

នាងថា៖ «ខ្ញុំអត់មានបទពិសោធន៍អីច្រើននោះ។ ខ្ញុំបានស្វែងយល់ពីខ្លួនឯងថាអញ្ចេះ ដើម្បីឱ្យបង្រៀនកុមារបានជោគជ័យតើគេធ្វើអ្វីខ្លះ? ទី១ ខ្ញុំរៀនសូត្រពីមេ ទី២ ខ្ញុំរៀនសូត្រពីអ្នកដែលចូលមុន ទី៣ ខ្ញុំស្វែងយល់ពីកុមារផ្ទាល់»។ 

នាងក៏បានកត់សម្គាល់ដែរថា ភាសាស្នេហារបស់កូនគឺខុសពីពាក្យដែលឪពុកម្ដាយប្រើទៅពួកគេ។ នាងនិយាយជាមួយឪពុកម្តាយជាប្រចាំពេលពួកគេយកកូនមកដាក់នៅសាលា។ ជាធម្មតានាងថានាងបានដឹងពីអារម្មណ៍ដែលកូនមានមុននឹងឱ្យឪពុកម្តាយត្រលប់ទៅវិញ។ នាងក៏ចង់ជួយឪពុកម្តាយឱ្យយល់ពីរបៀបដែលនាងដោះស្រាយជាមួយកុមារនៅសាលាដើម្បីឱ្យពួកគេអាចធ្វើនៅផ្ទះដូចគ្នា។ 

ភាពជិតស្និតជាប់លាប់ក៏នឹងជួយកុមារផងដែរ ដោយនាងលើកទឹកចិត្តឪពុកម្តាយឱ្យចំណាយពេលជាមួយកូនឱ្យបានច្រើន ដើម្បីជួយឱ្យពួកគេរីកចម្រើនដោយសង្កត់ធ្ងន់ថា «វត្ថុសម្ភារៈនឹងមិនជួយពួកគេក្នុងរយៈពេលយូរទេ»

អ្នកគ្រូ នួន ធាវី ៖ «ពេលដំបូងពេលដែលយកមកដំបូងគាត់រត់រញ៉េរញ៉ៃពេញហ្នឹងទាំងអស់ដោយសារគាត់អត់ដែលស្គាល់យើង។ តែពេលក្រោយមកខ្ញុំចេះតែអោបគាត់ លេងជាមួយគាត់ នាំគាត់រាប់ដៃអីអញ្ចឹង យូរៗគាត់មានអារម្មណ៍ថាគាត់ស្និទស្នាលជាមួយខ្ញុំដល់ពេលអញ្ចឹងពេលដែលគាត់មករៀនគឺគាត់ស្រលាញ់ខ្ញុំជាងស្រលាញ់ប៉ាម៉ាក់គាត់ទៀត។ ដោយសារតែប៉ាម៉ាក់គាត់ពេលខ្លះគាត់នៅផ្ទះអញ្ចឹងមិនមែនថាគាត់អត់ស្រលាញ់កូនទេ គឺគាត់ស្រលាញ់ តែមកពីពេលខ្លះគាត់អត់បានមើលកន្លែងបន្ដិចៗអញ្ចឹងដែលសំខាន់ចាំបាច់ខ្លាំង។ ពេលខ្លះគាត់មកពីធ្វើការអញ្ចឹងគាត់ផ្ដល់លុយផ្ដល់កាក់អីឱ្យកូន មានទាំងឈ្នូលឱ្យកូនទៀត! តែគាត់អត់បានផ្ដល់ការយកចិត្តទុកដាក់ផ្ដល់ការការស្រលាញ់ឱ្យកូនហ្នឹងទេ។ ដូចថាយកឱ្យកូនហ្នឹងពេលមកដល់អញ្ចឹងចុចទូរស័ព្ទលេង ហើយដាក់ឱ្យកូនលេងទូរស័ព្ទជាមួយគាត់ហើយគាត់ថាគាត់ស្រលាញ់កូន តាមពិតកន្លែងហ្នឹងមិនមែនជាការស្រលាញ់កូនទេ។ បើការស្រលាញ់កូន ដោយសារយើងចំណាយពេលនៅខាងក្រៅពេញមួយថ្ងៃហើយ អញ្ចឹងដល់ពេលចូលមកនៅខាងក្នុងយើងត្រូវហៅគាត់មកជិតយើងហៅគាត់មកនិយាយសួរគាត់ថ្ងៃហ្នឹងយ៉ាងមិចៗ យើងផ្លាស់ប្ដូរយោបល់ថាថ្ងៃហ្នឹងជួបអីគេខ្លះ គាត់អត់ចេះនិយាយមែន (កុមារអូទីស្សឹម) តែគាត់អាចស្ដាប់យើងបាន»

និយាយដល់កន្លែងនេះនាងនឹកឃើញដល់សិស្សអូទីស្សឹមម្នាក់ដែលមិនចេះនិយាយទាល់តែសោះ ប៉ុន្តែនៅពេលដែលនាងបន្តព្យាយាម និងជិតស្និទជាមួយគេទីបំផុតការខិតខំប្រឹងប្រែងរបស់នាងបានសំរេច។

អ្នកគ្រូឱ្យដឹងថា៖ «កូនហ្នឹងអត់មានភាសាទេ! តែគាត់ដឹងអញ្ចឹងខ្ញុំហៅខ្លួនឯងខ្ញុំឆ្លើយខ្លួនឯង។ ឧទាហរណ៍ខ្ញុំហៅកូនសិស្សខ្ញុំម្នាក់ កាវ៉ាលែន! បាទអ្នកគ្រូ ខ្ញុំហៅខ្លួនឯងខ្ញុំឆ្លើយខ្លួនឯង ហើយគាត់អត់មានភាសាទេសូម្បីតែហៅម៉ាក់មួយម៉ាត់ក៏អត់មានដែរតែខ្ញុំព្យាយាមនិយាយជាមួយគាត់ព្យាយាមៗយូរច្រើនខែក្រោយមកស្រាប់តែពេលខ្ញុំហៅ កាវ៉ាលែន? បាទ! ហើយគាត់រំភើបខ្លួនគាត់មែនទែនដែលគាត់អត់ធ្លាប់ឮសំឡេងខ្លួនឯង ហើយខ្ញុំក៏រំភើបគាត់ក៏រំភើប។ យើងអោបគ្នាហើយស្រក់ទឹកភ្នែកដូចគ្នាមានអារម្មណ៍ថាយើងរំភើបទៅវិញទៅមក។ ហ្នឹងជាកម្លាំងចិត្តធំមែនដែលធ្វើឱ្យខ្ញុំបង្រៀននៅហ្នឹង»។ 

ក្តីស្រលាញ់ និងការយកចិត្តទុកដាក់របស់គ្រូម្នាក់នេះ បានបង្ហាញឱ្យឃើញថាសិស្សរបស់គាត់ទទួលបានការជួយពួកគេឱ្យរីកចម្រើនយ៉ាងខ្លាំង។ កុមារគ្រប់រូបសមនឹងទទួលបានការស្រឡាញ់ និងផ្តល់ឱកាសឱ្យលេង រៀន និងរីកចម្រើនដូចគ្នាដោយគ្មានការរើសអើង៕


"អត្ថបទ/វីដេអូឯករាជ្យនេះជាការផ្តួចផ្តើមរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា និង EAC ដើម្បីធានាថាកុមារគ្រប់រូបទទួលបានការការពារប្រសើរឡើង។ ទាំងនេះជាទស្សនៈទាំងស្រុងរបស់អ្នកនិពន្ធ និងមិនឆ្លុះបញ្ចាំងពីគោលជំហររបស់អង្គការទស្សនៈពិភពលោកទេ។"



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក