ភ្នំពេញ៖ គណបក្សប្រជាជនដែលជាបក្សកាន់អំណាចនៅប្រទេសកម្ពុជាបានបើកសន្និបាតគណៈកម្មការកណ្ដាលនៅថ្ងៃសៅរ៍ទី១៦ ខែកក្កដា ឆ្នាំ២០២២ ដែលមានរយៈពេល២ថ្ងៃនៃកិច្ចប្រជុំ។ កិច្ចប្រជុំដើម្បីត្រួតពិនិត្យលើការងារកន្លងមក និងកំណត់ទិសដៅសម្រាប់ភារកិច្ចនៅពេលបន្តទៀត។
ប្រធានកិត្តិយសគណបក្ស សម្ដេចពញាចក្រី ហេង សំរិន បានថ្លែងបើកសន្និបាតគណបក្សថា លទ្ធផលនៃការអនុវត្តទិសដៅ គោលការណ៍ គោលនយោបាយ សេចក្ដីណែនាំ និងសេចក្ដីសម្រេចចិត្តនានារបស់ថ្នាក់កណ្ដាលបានធ្វើឱ្យតួនាទីដឹកនាំរបស់គណបក្សកាន់តែលេចធ្លោទាំងនៅក្នុង និងក្រៅប្រទេស។ ហើយជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បានបញ្ជាក់ថាប្រជាជនកម្ពុជានៅតែត្រូវការតួនាទីរបស់គណបក្សប្រជាជនបន្តទៀតក្នុងការដឹកនាំកម្ពុជា។
សម្ដេចបានលើកឡើងពីលក្ខណៈពិសេសរបស់គណបក្សប្រជាជនថាជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពីប្រជាជន មានរចនាសម្ព័ន្ធចាត់តាំងរឹងមាំ ធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាពសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងមានរបៀបធ្វើការងារត្រឹមត្រូវ។
សម្ដេចពញាចក្រីថា៖ «ទាំងអស់នេះធ្វើឱ្យយើងជម្នះបាននូវការលំបាកទាំងឡាយ ជាពិសេសធ្វើឱ្យបរាជ័យនូវរាលឧបាយកលរបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងយកជើងរាទឹក និងប៉ុនប៉ងបំផ្លាញដល់ដំណើរការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា»។
សម្ដេចពញាចក្រីបញ្ជាក់ថាកម្មវត្ថុនៃការពិភាក្សារបស់អង្គសន្និបាតរបស់បក្សនៅពេលនេះ គឺជាការស្វែងរកឱ្យឃើញអស់នូវរាល់ហេតុ និងផលទាក់ទងដល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំនេះ ដើម្បីមានមូលដ្ឋានជំរុញធ្វើឱ្យគណបក្សទទួលបានជ័យជម្នះនៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ខាងមុខ។
សម្ដេចពញាចក្រីថា៖ «ជារបៀបធ្វើការរបស់គណបក្សយើង នៅពេលដែលយើងអនុវត្តចប់នូវភារកិច្ចធំៗ នីមួយៗ យើងតែងនាំគ្នាប្រជុំដកពិសោធន៍រកចំណុចខ្លាំង ចំណុចខ្សោយ សម្រាប់ការអនុវត្តលើកក្រោយៗទៀត។ ផ្ដើមពីនេះ ខ្ញុំសូមរលឹកថារាល់ព្រឹត្តិការណ៍ទាំងឡាយ ដែលកើតឡើងនៅក្នុងសង្គមគឺសុទ្ធតែមានហេតុ និងផលរបស់វា។ មានហេតុទើបមានផល ហើយផលក្លាយជាហេតុថ្មី និងមានផលថ្មីទៀត ទំនាក់ទំនងហេតុនិងផលរបៀបនេះគ្មានទីបញ្ចប់ទេ»។
អនុប្រធាន និងជាអគ្គលេខាបក្ស សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានលើកឡើងថា ឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានឆ្លុះបញ្ចាំពីភាពចាស់ទុំនយោបាយនៃដំណើការប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា។ ជោគជ័យនេះបានបង្ហាញនូវការគាំទ្រដ៏រឹងមាំ និងការផ្ដល់យុត្តិធម៌ពីប្រជាជនដល់គណបក្ស។
ទោះជាយ៉ាងណាសម្ដេចបានលើកឡើងថា គណបក្សមិនត្រូវមានមោទនភាពពេកចំពោះលទ្ធផលបោះឆ្នោតនេះ នឹងមើលស្រាលគូប្រជែងនោះទេ។
សម្ដេចវិបុលសេនាភក្ដី៖ «យើងមិនត្រូវមានមោទនភាពពេកចំពោះលទ្ធផលបោះឆ្នោតនេះទេ យើងចាំបាច់ត្រូវស្គាល់ខ្លួនឯឱ្យច្បាស់ និងស្គាល់គូប្រជែងឱ្យច្បាស់យល់ច្បាស់អំពីឧបសគ្គ និងការលំបាកនានា ដែលត្រូវប្រឹងប្រែងពុំពារជម្នះ ហើយបន្តធ្វើសកម្មភាពឥតថមថយប្រកបដោយប្រសិទ្ធភាពទាំងក្នុងការអនុវត្តកម្មវិធីនយោបាយ ទាំងក្នុងការកសាងពង្រឹងគណបក្សទាំងការផ្សារភ្ជាប់បម្រើប្រជាជន ហើយព្យាយាមលុបបំបាត់នូវបាតុភាពអសកម្មដែលធ្វើឱ្យប្រជាជនថ្នាំងថ្នាក់ដើម្បីធានាមូលដ្ឋានដ៏រឹងមាំសម្រាប់ជ័យជម្នះរបស់គណបក្សយើង»។
ក្នុងពិធីបើកសន្និបាតប្រធានគណបក្ស សម្ដេចតេជោ ហ៊ុន សែន ក៏មានមតិណែនាំមួយចំនួនផងដែរ។
មានសមាជិក សមាជិកា គណបក្សមកពីទូទាំងប្រទេសជាង ៣ពាន់នាក់បានចូលរួមប្រជុំក្នុងសន្និបាតគណបក្សដ៏ធំមួយនេះ។
គួរឱ្យដឹងផងដែរក្រោយទទួលជ័យជម្នះលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជាបានសម្រេចសម្រេចប្រជុំគណៈកម្មាធិការកណ្ដាលគណបក្សនៅថ្ងៃទី៩ និង១០ ខែកក្កដា តែគម្រោងនេះត្រូវលើពេលមួយសប្ដាហ៍ទៅថ្ងៃទី១៦ និង១៧ ខែកក្កដាវិញ។
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាតអាណត្តិទី៥ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រច្រើនលើសលប់នៃការបោះឆ្នោតដោយទទួលបានសំឡេងគាំទ្រជាង ៥,៣លានសំឡេង នាំឱ្យគ្រប់គ្រងអាសនៈមេឃុំ និងចៅសង្កាត់បានចំនួន ១ ៦៤៨ ស្មើនឹង ៩៩,៧៦% នៃឃុំសង្កាត់សរុប ១ ៦៥២៕
PHOTO: KOK KY