ភ្នំពេញ៖ ក្រសួងសុខាភិបាលបានស្នើដល់អភិបាលខេត្តជាប់ព្រំដែនគោក និងទឹកជាមួយប្រទេសជិតខាងទាំងអស់ត្រូវពង្រឹងការត្រួតពិនិត្យសុខភាពលើពលរដ្ឋខ្មែរដែលចូលមកវិញតាមច្រកព្រំដែនទាំងអស់ ស្វែងរកជំងឺកូវីដ-១៩ ដើម្បីព្យាបាល។
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានជម្រាបដល់អភិបាលខេត្តជាប់ព្រំដែនទាំងអស់មានវិធានការសុខាភិបាលសម្រាប់អនុវត្តចំពោះអ្នកដំណើរជាប្រជាជន ឬពលករខ្មែរ ដែលចូលមកកម្ពុជា តាមច្រកព្រំដែនគោក និងព្រំដែនទឹក នៃប្រទេសថៃ ឡាវ និងវៀតណាម ដែលមិនបានចាក់ ឬចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ «តម្រូវឱ្យធ្វើតេស្តរហ័សដោយពុំបង់ប្រាក់»។
ក្រសួងបន្ថែមថាក្នុងករណីដែលធ្វើតេស្តឃើញវិជ្ជមាន ប្រសិនជាកម្រិតស្រាលនឹងអនុញ្ញាតឱ្យសម្រាកព្យាបាលនៅតាមផ្ទះ ឬសណ្ឋាគារ ហើយសាមីជននឹងត្រូវទទួលខុសត្រូវលើការចំណាយដោយខ្លួនឯង និងត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ ជាចាំបាច់ស្របតាមនីតិវិធីប្រតិបត្តិស្ដង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។
សម្រាប់អ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
កម្ពុជាចាប់ផ្ដើមរកឃើញឡើងវិញនូវជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ក្រោយ៥២ថ្ងៃដែលបាត់ទាំងស្រុងនៃជំងឺក្នុងសហគមន៍កម្ពុជា។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារសំឡេងបន្ទាន់មួយទាំងយប់កាលពីថ្ងៃទី២៨ ខែមិថុនា ស្នើឱ្យពលរដ្ឋមានវិធានការពារហ្មត់ចត់ និងទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាដើម្បីបញ្ជៀសការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំជាថ្មី៕