អូស្រ្តាលី៖ រដ្ឋមន្រ្តីសុខាភិបាលអូស្រ្តាលីលោក Greg Hunt នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការណែនាំទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួនជុំវិញការកំណត់អាយុពលរដ្ឋដែលអាចទទួលយកនូវវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca បានតែលើពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅប៉ុណ្ណោះ។ ការប្រកាសនេះបានធ្វើឡើង ក្រោយពីមានអត្រាអ្នកមានបញ្ហាកំណកក្នុងសរសៃឈាមបានកើតឡើង ក្រោយការទទួលវ៉ាក់សាំង AstraZeneca នេះ។
អូស្រ្តាលីបានចុះបញ្ជីប្រើប្រាស់វ៉ាក់សាំងប្រភេទ AstraZeneca ចំនួន ៣,៣លានដូស ដែលក្រោយមកបានរាយការណ៍ករណីពាក់ព័ន្ធនឹងបញ្ហាកំណកឈាមក្នុងសរសៃឈាមចំនួន ៦០ករណី ហើយមនុស្សចំនួន ២នាក់បានស្លាប់ដោយសារបញ្ហានេះ ធ្វើឱ្យរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងលើបញ្ហានេះ ខណៈរដ្ឋមន្រ្តីសុខាភិបាលអូស្រ្តាលីបាននិយាយថា រដ្ឋាភិបាលនឹងយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពរបស់អាយុជីវិតពលរដ្ឋជាជាងអ្វីៗទាំងអស់។ តាមពិតទៅ! កាលពីខែមេសាកន្លងមក អូស្រ្តាលីធ្លាប់បានកំណត់អាយុអ្នកទទួលវ៉ាក់សាំងម្តងរួចមកហើយ ពោលគឺ AstraZeneca អាចធ្វើការផ្តល់ជូនទៅលើតែអ្នកដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅប៉ុណ្ណោះ។
ប្រទេសមួយចំនួននៅតំបន់អឺរ៉ុប បានឈប់ផ្តល់នូវវ៉ាក់សាំង AstraZeneca នេះទៅលើពលរដ្ឋរបស់ខ្លួនតែម្តង ដោយបារម្ភលើបញ្ហាកំណកឈាមនេះ បើទោះបីជាការសិក្សាបានបង្ហាញឱ្យឃើញថាបញ្ហានេះភាគច្រើនកើតឡើងតែលើមនុស្សមានវ័យក្មេងយ៉ាងណាក្តី។ អូស្រ្តាលីកំពុងសម្រុកបន្តយុទ្ធនាការវ៉ាក់សាំងនៅក្នុងប្រទេសរបស់ខ្លួន ដោយរដ្ឋមន្រ្តីសុខាភិបាល Greg Hunt បានបញ្ជាក់ថា បើតាមគម្រោង អូស្រ្តាលីនឹងផ្តល់វ៉ាក់សាំងឱ្យប្រជាជនរបស់ខ្លួនគ្រប់ៗគ្នា យ៉ាងយូរបំផុតត្រឹមដំណាច់ឆ្នាំ ២០២១នេះ។
ក្នុងយុទ្ធនាការវ៉ាក់សាំងនេះ អូស្រ្តាលីប្រើប្រាស់នូវវ៉ាក់សាំងចំនួន ៣ប្រភេទរួមមាន AstraZeneca, Pfizer ដែលកំពុងបន្តបញ្ជាទិញបន្ថែមចំនួន ៤០លានដូស និងវ៉ាក់សាំង Moderna ដែលកំពុងបញ្ជាទិញចំនួន ២៥លានដូសដំណាលគ្នា៕