ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក អេខេ អាប់ឌុលម៉ូមិន លើកទឹកចិត្តអ្នកវិនិយោគពីប្រទេសបង់ក្លាដែសមកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាដើម្បីជួយដល់វិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ក្នុងជំនួបនៅទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី១៥ ខែកក្កដានេះ រដ្ឋមន្ត្រីការបរទេសប្រទេសបង់ក្លាដែស លោក អេខេ អាប់ឌុលម៉ូមិន បានជម្រាបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថារដ្ឋាភិបាលប្រទេសបង់ក្លាដែសមានគោលបំណងចង់ពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា ជាពិសេសវិស័យពាណិជ្ជកម្មដើម្បីរក្សាសន្ដិសុខស្បៀងនាគ្រាពិភពលោកកំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃ។
ជាការឆ្លើយតបនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបថាដើម្បីជំរុញដល់វិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប្រទេសបង់ក្លាដែសគួរលើកទឹកចិត្តអ្នកវិនិយោគបង់ក្លាដេសមកកម្ពុជាលើឃ្លាំងម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីប្រជាកសិករសម្រាប់ស្ដុកទុក និងសម្រាប់នាំចេញទៅប្រទេសបង់ក្លាដែសតែម្ដង។ សម្ដេចក៏បានលើកឡើងពីគំនិតនៃការចូលរួមរបស់បង់ក្លាដេសលើការរៀបចំជួយដល់កសិករកម្ពុជាតាមរយៈការធ្វើកសិកម្មតាមបែបកិច្ចសន្យាជាដើម។
រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសលោក អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) បានដឹកនាំគណៈប្រតិភូធ្វើដំណើរទស្សនកិច្ចមកកម្ពុជាពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ។
ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានឹងបង់ក្លាដែសក្នុងឆ្នាំ២០២០ មានទំហំប្រមាណ ២០លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅបង់ក្លាដែសមានទំហំប្រមាណជាង ៩លានដុល្លា ភាគច្រើនជាក្រណាត់ អំបោះ និងជ័រកៅស៊ូ៕
PHOTO: KOK KY