ភ្នំពេញ៖ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍សម្រេចសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១០០ ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។
ការសាងសង់នេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងប្រើប្រាស់ថវិការបស់ មូលនិធិកាតព្វកិច្ចសេវាសកល ព្រមទាំងសហការជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័ន ពាក់ព័ន្ធ និងប្រតិបត្តិករទូរសព្ទចល័ត ដើម្បីពង្រឹងគុណភាពសេវាដល់គោលដៅទេសចរណ៍អាទិភាព និងតំបន់ ទេសចរណ៍ដាច់ស្រយាល។
ការសាងសង់ស្ថានីយអង់តែនបន្ថែមនេះគឺស្របនឹងយន្តការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានក្រុមការងារពង្រឹងគុណភាពសវានៅតាមតំបន់ចំនួន ៥ នៅទូទាំងប្រទេស និងក្រុមការងារចំនួន ៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ កំពុងអនុវត្តការងារយ៉ាងសកម្ម ក្នុងការវាស់ស្ទង់គុណភាពសេវានៅតាមភូមិសាស្ត្រទូទាំងប្រទេស ដើម្បីជំរុញកាតព្វកិច្ចរបស់ប្រតិបត្តិករក្នុងការ សាងសង់ស្ថានីយអង់តនបន្ថែម សំដៅធ្វើឱ្យសេវាទូរគមនាគមន៍មានគុណភាពនិងការគ្របដណ្ដប់ឱ្យកាន់តែប្រសើរឡើង។
គួរឱ្យដឹងផងដែរថា ការសម្រេចសាងសង់នេះគឺបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យបង្កើននូវគុណភាពសេវាអ៊ីនធើណិតទាំងនៅទីជនបទ និងទីក្រុង រួមទាំងរមនីយដ្ឋានកម្សាន្តនានានៅប្រទេសកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ផែនការ ស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២៕