ប្រទេសធំៗ ត្រៀមអនុវត្តលក្ខខណ្ឌពិសេសសម្រាប់អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យងាយស្រួលចេញក្រៅប្រទេស
ជប៉ុន៖ នៅថ្ងៃទី១៧ ខែមិថុនានេះ ប្រទេសជប៉ុនបានលើកឡើងថា ចាប់ពីខែក្រោយទៅ ប្រទេសនេះនឹងបញ្ចេញនូវលិខិតឆ្លងដែន (Vaccine Passport) ពិសេសមួយសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩រួចរាល់ សម្រាប់ប្រជាជនជប៉ុនទាំងឡាយណាដែលមានបំំណងចង់ធ្វើដំណើរចេញទៅក្រៅប្រទេស ខណៈដែលរដ្ឋាភិបាលបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោកកំពុងសាកល្បងនូវវិធីនេះ ដើម្បីជំរុញកំណើនទេសចរណ៍ និងសេដ្ឋកិច្ចក្នុងប្រទេសរៀងៗខ្លួនឡើងវិញ។
លោក Katsunobu Kato អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បានប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកថា៖ "ពួកយើង (រដ្ឋាភិបាល) បានត្រៀមរួចជាស្រេចសម្រាប់ការចេញនូវវិញ្ញាប័នបត្រមួយដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងរួចរាល់ សម្រាប់អ្នកដែលត្រូវការនៅពេលដែលពួកគេធ្វើដំណើរចេញទៅក្រៅប្រទេស"។ លោកបានបញ្ជាក់ទៀតថា ទម្រង់វិញ្ញាប័នបត្រនេះនឹងប្រើប្រាស់ជាក្រដាសដែលចេញដោយមន្រ្តីរដ្ឋាភិបាលក្នុងប្រទេសនីមួយ ជាជាងការប្រើប្រាស់តាមប្រព័ន្ធឌីជីថល ហើយទំនងជាចាប់ផ្តើមការផ្តល់ជូនពីខែក្រោយនេះ។
ដោយឡែក ងាកទៅកាន់សហភាពអឺរ៉ុប (EU) ឯណោះវិញ បាននឹងកំពុងសិក្សាលើការផ្តល់នូវវិញ្ញាប័នបត្រវ៉ាក់សាំងបន្ថែមពីលើលិខិតឆ្លងដែន តាមទម្រង់ប្រព័ន្ធឌីជីថលដែលនឹងចាប់ផ្តើមនារដូវក្តៅខាងមុខនេះសម្រាប់ការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ឡើងវិញ ស្របពេលដែលប្រទេសជាសមាជិក EU មួយចំនួនទៀតកំពុងសិក្សាទៅលើការទទួលស្គាល់ជាកម្រិតជាតិនូវវិញ្ញាប័នបត្រវ៉ាក់សាំងនេះផងដែរ។ ទិន្នន័យដែលសហភាពអឺរ៉ុបគ្រោងនឹងចាប់ផ្តើមអនុវត្តន៍នេះ នឹងធ្វើការបង្ហាញថា តើបុគ្គលដែលកាន់លិខិតឆ្លងដែននេះបានទទួលវ៉ាក់សាំងហើយឬនៅ? ធ្លាប់ឆ្លងវីរុសកូវីដ-១៩ឬអត់? បើធ្លាបប់ឆ្លងតើធ្វើតេស្តជាសះស្បើយឡើងវិញតាំងពីពេលណាជាដើម -ល-។មិនត្រឹមតែប្រទេសជប៉ុន និងសហភាពអឺរ៉ុបប៉ុណ្ណោះទេ កាលពីខែមុនទីក្រុងវ៉ាស៊ីនតោន ក៏បានបញ្ជាក់ថាអាមេរិកកំពុងពិចារណាលើការផ្តល់ជូនឯកសារពិសេសសម្រាប់ពលរដ្ឋអាមេរិកទាំងឡាយណាដែលបានទទួលវ៉ាក់សាំងការពារកូវីដ-១៩រួចរាល់ ឱ្យមានភាពងាយស្រួលសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស៕