នាយករដ្ឋមន្ត្រីបន្តអំពាវនាវពលរដ្ឋទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់គ្នាក្រោយរកឃើញអូមីក្រុងបម្លែងថ្មី BA.4 និង BA.5
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្តជំរុញប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នាទាំងដូសមូលដ្ឋាន និងដូសជំរុញ បន្ទាប់ពីបានបង្ហាញនូវក្ដីបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទបម្លែងថ្មី BA.4 និង BA.5។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីបារម្ភនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាថ្មីក្នុងសហគមន៍កម្ពុជា ក្រោយក្រសួងសុខាភិបាលប្រកាសរកឃើញការចរាចរណ៍នៃពពួកកូវីដ-១៩ អូមីក្រុងបម្លែងថ្មី BA.4 និង BA.5 លើអ្នកដំណើរមកពីក្រៅប្រទេសចូលមកកម្ពុជា អ្នកនៅក្នុងសហគមន៍ និងអ្នកធ្វើតេស្តសម្រាប់ធ្វើវិញ្ញាបនបត្រក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេសមួយចំនួន។
សម្ដេចបន្ថែមថា បច្ចុប្បន្នមានការរកឃើញជាបន្តបន្ទាប់នូវជំងឺកូវីដ-១៩ ទាំង PCR និងតេស្តរហ័សទាំងនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន។ សម្ដេចថា បើទោះបីជាមិនមានការចាំបាច់ណាមួយដើម្បីបិទខេត្ត រាជធានី ទីប្រជុំជន កន្លែងលក់ដូរ តែរាជរដ្ឋាភិបាលមានការចាំបាច់ដើម្បីអំពាវនាវចំពោះជនរួមជាតិឱ្យបង្កើននូវវិធានការការពារសុខភាពផ្ទាល់ខ្លួនតាមរយៈការវិលត្រលប់ការអនុវត្តខ្ជាប់ខ្ជួននូវវិធានការ៣កុំ៣ការពារឡើងវិញ បន្ថែមជាមួយការចេញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាព្រោះមានតែជម្រើសនេះទេទើបអាចជៀសផុតពីមហន្តរាយដែលអាចកើតឡើងចំពោះជីវិតមនុស្ស។
សម្ដេចបន្ថែមថា៖ «យើងឃើញបទពិសោធន៍ថាសព្វថ្ងៃនេះអ្នកដែលបានឆ្លងគឺមានជំងឺមិនទាន់ធ្ងន់ធ្ងរ ការដែលមិនទាន់ធ្ងន់ធ្ងរនេះគឺមកពីយើងបានចាក់វ៉ាក់សាំង។ ប៉ុន្ដែប្រសិនបើយើងមិនបានចាក់វ៉ាក់សាំងទេប្រហែលជាបញ្ហាបានកើតឡើងចំពោះជីវិតប្រជាពលរដ្ឋរបស់យើងរួចស្រេចទៅហើយ។ ដូច្នេះខ្ញុំព្រះករុណាខ្ញុំបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា»។
សម្ដេចបានបង្ហាញពីជោគជ័យលើសមរភូមិកូវីដ-១៩ កន្លងទៅគឺបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋលើវិធានការរបស់រដ្ឋាភិបាល ដោយសម្ដេចបានស្នើសុំឱ្យពលរដ្ឋចូលរួមបន្តទៀតក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាតនេះ។
សម្ដេចតេជោ៖ «ខ្ញុំព្រះករុណាខ្ញុំអង្វរករចំពោះប្រជាពលរដ្ឋរបស់យើងយកចិត្តទុកដាក់សុខភាពផ្ទាល់ខ្លួនព្រោះនេះជាបញ្ហាដែលមានសារៈសំខាន់បំផុត! មិនមានអ្នកណាឈឺជំនួសយើងនោះទេ»។
កាលពីថ្ងៃទី១២ ខែកក្កដា កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៦ករណីថ្មីឆ្លងក្នុងសហគមន៍ ដែលធ្វើឱ្យកម្ពុជាបានរកឃើញករណីឆ្លងសរុបជាង១៣ម៉ឺនករណី មានអ្នកស្លាប់ជាង៣ពាន់នាក់។
គិតត្រឹមថ្ងៃទី១២ ខែកក្កដា មានពលរដ្ឋចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បាន ៩៤,៣៨%នៃពលរដ្ឋសរុបជាង១៦លាននាក់ ក្នុងនោះពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានជាង១៤លាននាក់ ដូសជំរុញទី៣បានជិត១០លាននាក់ ដូចជំរុញទី៤ បានជាង៤លាននាក់ និងទី៥ បានជិត៣៧ម៉ឺននាក់។
កម្ពុជាចាប់ផ្ដើមរកឃើញឡើងវិញនូវជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ក្រោយ៥២ថ្ងៃដែលបាត់ទាំងស្រុងនៃជំងឺក្នុងសហគមន៍កម្ពុជា។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារសំឡេងបន្ទាន់មួយទាំងយប់កាលពីថ្ងៃទី២៨ ខែមិថុនា ស្នើឱ្យពលរដ្ឋមានវិធានការពារហ្មត់ចត់ និងទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាដើម្បីបញ្ជៀសការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំជាថ្មី៕