សេចក្ដីព្រាងច្បាប់ធម្មនុញ្ញថ្មីអនុញ្ញាតឱ្យព្រះមហាក្សត្រចាត់តាំងនាយករដ្ឋមន្ត្រីដោយពុំចាំបាច់ឆ្លងកាត់ប្រធានសភា
ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់ធម្មនុញ្ញថ្មីអនុញ្ញាឱ្យគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាទូលស្នើព្រះមហាក្សត្រចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ឱ្យបង្កើតរាជរដ្ឋាភិបាលបាន ដែលខុសពីច្បាប់ចាស់ដែលការចាត់តាំងនាយករដ្ឋមន្ត្រីត្រូវការការស្នើសុំពីប្រធានរដ្ឋសភាទូលថ្វាយព្រះមហាក្សត្រដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា។
វក្យខណ្ឌ១ និង២ មាត្រា១១៩ ថ្មី(ពីរ) នៃច្បាប់ធម្មនុញ្ញថ្មីបានចែងថា៖ «តាមសេចក្ដីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ឱ្យបង្កើតរាជរដ្ឋាភិបាល។ សេចក្ដីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភានេះត្រូវចម្លងជូនប្រធានរដ្ឋសភា»។
កាលពីថ្ងៃសុក្រ ទី៨ ខែកក្កដា គណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ហើយនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងយុត្ដិធម៌ត្រៀមធ្វើសន្នីសិទការសែតមួយទាក់ទងនឹងការព្រាងច្បាប់សំខាន់មួយនេះផងដែរ។
យោងតាមសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ច្បាប់នេះមានគោលបំណងធ្វើវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម។
អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានបញ្ជាក់ថាការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញនេះគឺដើម្បីរក្សាប្រក្រតីភាពនាំការងារររដ្ឋបាលក៏ដូចជាផលប្រយោធន៍ជាចាំបាច់របស់ប្រជាពលរដ្ឋ។
កាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា នេះក្រុមប្រឹក្សាធម្មនុញ្ញបានប្រជុំសម្រេចដោយគ្មានសំឡេងជំទាស់ ស្នើព្រះមហាក្សត្របើកផ្លូវឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មមាត្រា និងច្បាប់ធម្មនុញ្ញបន្ថែមនេះដោយថាការធ្វើវិសោធនកម្មនេះមិនធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនោះឡើយ។
គិតចាប់ពីការបង្កើតរដ្ឋធម្មនុញ្ញឡើងក្នុងឆ្នាំ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ននេះកម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើករួចមកហើយ។
នៅរសៀលម៉ោង៣ ថ្ងៃទី១៤ ខែកក្កដាស្អែកនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ នឹងធ្វើសន្នីសីទសារព័ត៌មានដើម្បីបង្ហាញពីគោលបំណង និងខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ធម្មនុញ្ញនេះផងដែរ៕