ភ្នំពេញ៖ អនុប្រធានកាកបាទក្រហមកម្ពុជាលោកស្រី ឃួន សុដារី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដោយសារការធ្វើឃាត។ ប្រតិភូកាកបាទក្រហមចូលគោរពវិញ្ញាណក្ខន្តនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ៍ ទី១២ ខែកក្កដា ម្សិលមិញ។
ក្នុងឱកាសលោកស្រី ឃួន សុដារី បានប្រគល់ជូនឯកអគ្គរដ្ឋទូតជប៉ុននូវសារលិខិតរំលែកមរណទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកថា៖ «មរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ មិនត្រឹមតែជាការបាត់បង់រដ្ឋបុរសស្នេហាជាតិម្នាក់របស់ជប៉ុន ដែលបានដឹកនាំឱ្យមានការរីកចម្រើន និងលើកកម្ពស់តួនាទីរបស់ជប៉ុននៅលើឆាកអន្តរជាតិ និងតំបន់ប៉ុណ្ណោះទេ តែជាការបាត់បង់ឥស្សរជនមួយរូបសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ដែលឯកឧត្តម បានរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងអាណត្តិរបស់ឯកឧត្តម ជានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន»។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈកម្មាធិការកណ្តាល សមាជិក មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវសេចក្តីសោកសង្រេងចំពោះការបាត់បង់ជីវិតរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ ជូនចំពោះក្រុមគ្រួសារសព ក៏ដូចជាប្រជាជនជប៉ុននៅក្នុងកាលៈទេសៈដ៏ក្រៀមក្រំនេះ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពលោក អាបេ ស៊ីនហ្សូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕