UPDATE: ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Daniel J. Kritenbrink ធ្វើសន្នីសិទសារព័ត៌មានដោយរើសស្ថាប័នសួរសំណួរ
ភ្នំពេញ៖ ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Daniel J. Kritenbrink បានធ្វើសន្នីសិទសារព័ត៌មាននៅព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដានេះ ទាក់ទងនឹងទំនាក់ទំនងកម្ពុជា-អាមេរិក តែអ្វីដែលកត់សម្គាល់នោះគឺអ្នករៀបចំបានផ្ដល់សិទ្ធិទៅលើស្ថាប័នមួយចំនួនប៉ុណ្ណោះដើម្បីឱ្យសួរ។
មានតែ VOA VOD Khmer Time Reuters និង South East Asia Globe ប៉ុណ្ណោះដែលស្ថានទូតអាមេរិកផ្ដល់ឱកាសឱ្យសួរសំណួរទៅកាន់លោក Daniel J. Kritenbrink ដែលក្រៅពីនេះហាក់មិនត្រូវបានយកចិត្តទុកដាក់ផ្ដល់សិទ្ធិឱ្យសួរនោះទេ។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ហ៊ុយ វណ្ណៈ បង្ហាញការសោកស្ដាយដោយថាហាក់មានការជ្រើសរើសស្ថាប័នដើម្បីឱ្យសួរទៅកាន់លោក Daniel J. Kritenbrink។
លោកថា៖ «យើងមិនដឹងថាជាចេតនាឬអចេតនាប៉ុន្ដែវាហាក់បង្ហាញថាការទទួលសំណួរនោះវាលក្ខណៈជ្រើសរើស ច្រើនជាងការផ្ដល់អាទិភាពអ្នកសួរមុនសួរក្រោយ»។
អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Chad Roedemeier បានបញ្ជាក់ថាការផ្ដល់សិទ្ធិសួរគឺបានផ្ដល់ទៅលើអ្នកយកព័ត៌មានណាដែលបានលើកដៃ ដោយមិនបានជ្រើសរើសស្ថាប័ននោះទេ។ លោកថាដោយសារពេលវេលាខ្លីទើបមិនមានពេលសម្រាប់អ្នកទាំងអស់ក្នុងការសួរសំណួរ។
លោកបញ្ជាក់ថាមានស្ថាប័នសារព័ត៌មានចំនួន២៦ ត្រូវបានអញ្ជើញមកចូលរួមសន្និសីទសារព័ត៌មាននេះ។
លោក Daniel J. Kritenbrink បានក្លាយជាឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ លោកបានធ្វើដំណើរទស្សនកិច្ចមកកម្ពុជាក្នុងសប្ដាហ៍នេះនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន និងបញ្ហាតំបន់ និងពិភពលោក៕