ភ្នំពេញ៖ តំណាងបេសកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានថ្លែងក្នុងសម័យប្រជុំលើកទី៥០ អង្គការសហប្រជាជាតិ ដោយបានលើកឡើងពីកិច្ចខិតខំរបស់កម្ពុជាក្នុងការលើកស្ទួយ និងការពារសិទ្ធិមនុស្សនៅក្នុងប្រទេសដោយមានការរីកចម្រើនជាច្រើន។
ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថានតំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិឱ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំនោះតំណាងកម្ពុជា លោក អាន សុខខឿន បានចូលរួមថ្លែងបទអន្តរាគមន៍សរុបចំនួន ២២លើក ដោយបានបង្ហាញនូវវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា ក្នុងទិដ្ឋភាពបទដ្ឋានគតិ និងការអនុវត្តជាក់ស្ដែងទៅតាមប្រភេទផ្សេងៗនៃសិទ្ធិមនុស្ស ក្នុងនោះក៏មានសេចក្ដីថ្លែងការរួមរបស់អាស៊ានចំនួន ៣ផងដែរ។
មានចំណុចជាច្រើនដែលលោក អាន សុខខឿន បានលើកក្នុងអំឡុងពេលនោះដែលរួមមាន ការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនមនុស្សគ្រប់រូបក្នុងប្រទេសដោយឥតគិតថ្លៃ ការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមដែលធានាដល់ប្រជាពលរដ្ឋទទួលបានការគាំពារកាន់តែប្រសើរ ការរីកចម្រើននៃប្រព័ន្ធឌីជីថល។
ក្នុងសេចក្ដីប្រកាសនោះលើកឡើងថា៖ «ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់កំពូលនៅអាស៊ីអាគ្នេយ៍ និងទី៣នៅអាស៊ី ជាប្រទេសដែលមានតម្លៃអ៊ីនធឺណិតតាមទូរស័ព្ទចល័តទាបបំផុត។ កម្ពុជាត្រូវបានគេព្យាករណ៍ថា នឹងមានអ៊ីនធឺណិតគ្រប់គ្រាន់នៅតាមភូមិ ឃុំ និងស្រុកដាច់ស្រយាលនៅឆ្នាំ២០២៧»។
បន្ថែមជាមួយការរីកចម្រើននៃប្រព័ន្ធអ៉ិនធឺណិតនេះអ្នកប្រើប្រាស់បណ្ដាញសង្គមបានបញ្ចេញទស្សនៈរបស់ពួកគេដោយសេរីអំពីកិច្ចការសាធារណៈ។ ការសម្ដែងមតិរបស់ពួកគាត់ រួមទាំងមតិផ្ទុយត្រូវបានបន្លឺបន្ថែមទៀត តាមរយៈប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីនិងឌីជីថល ជិត២ពាន់អង្គភាពដែលកំពុងដំណើរការដោយគ្មានការត្រួវពិនិត្យជាមុន និងគ្មានការរឹតបន្ដឹងឡើយ ហើយថែមទាងត្រូវបានធានាដោយច្បាប់ស្ដីពីរបបសារព័ត៌មានទៀត។
ក្រៅពីនេះកម្ពុជាបានចូលរួមក្នុងការទទួលយកអនុសាសន៍ទាក់ទងនឹងសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា លើកតម្កើនយេនឌ័រក្នុងកិច្ចការនានា ប្ដេជ្ញាដាក់បញ្ជូលសេវាសុខភាពផ្លូវចិត្តក្នុងប្រព័ន្ធសុខាភិបាល គាំពារដល់កុមារ គាំទ្រការអំពាវនាវឱ្យបង្កើនសកម្មភាពកាត់បន្ថយការប្រែប្រួលអាកាសធាតុទៀតផង។
ទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាលោក អាន សុខខឿន បញ្ជាក់ថាវាត្រូវបានចែងក្នុងកតិការសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយដែលកម្ពុជាជាហត្ថលេខីមួយនិងបានសង្កត់ធ្ងន់ថា៖ «មនុស្សគ្រប់រូប រួមទាងបុគ្គលដែលតាំងខ្លួនជាអ្នកការពារសិទ្ធិមនុស្ស មានកាតព្វកិច្ចអនុវត្តសិទ្ធិរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវក្នុងរង្វង់ព្រំដែននៃច្បាប់»។
ក្នុងកិច្ចប្រជុំនោះកម្ពុជាក៏បានចូលរួមជាមួយគណៈប្រតិភូជាច្រើនដទៃទៀតអំពាវនាវសារជាថ្មីឱ្យការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ធ្វើការប្រកបដោយយុត្តិធម៌ និងមិនធ្វើនយោបាយូបនីយកម្មដោយឈរលើគោលការណ៍នៃសកលភាព ភាពមិនលម្អៀង សត្យានុម័ត និងមិនជ្រើសរើសតែមួយជ្រុង ព្រមទាំងចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយស្ថាបនា ផ្អែកលើប្រភពព័ត៌មានដែលមានផ្ទៀងផ្ទាត់ត្រឹមត្រូវ និងកិច្ចសហប្រតិបត្តិការពិតប្រាកដ។
ក្នុងកិច្ចប្រជុំនេះ កម្ពុជាក៏បានចូលឈ្មោះជាប្រទេសផ្ដួចផ្ដើម (Co-Sponsor) លើសេចក្ដីថ្លែងការណ៍រួមចំនួន ១០ ពាក់ព័ន្ធនឹងប្រធានបទស្ដីពី ការលើកកម្ពស់ពហុភាគីនិយម គ្រួសារនិងតុល្យភាពការងារ ជំនួយបច្ចេកទេស ការប្រែប្រួលអាកាសធាតុ ការផ្សារភ្ជាប់បច្ចេកវិទ្យាទៅនឹងអភិបាលកិច្ចល្អ សិទ្ធិស្ត្រីជាដើម៕