ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារជម្រាបជូនម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យទាំងអស់ ថាការប្រមូលពន្ធលើអចលនទ្រព្យនិងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ដោយរម្លឹកដល់ពលរដ្ឋដែលមិនទាន់បង់ពន្ធអញ្ជើញទៅបង់ពន្ធឱ្យបានគ្រប់គ្នាមុនថ្ងៃឱសាននុវាទនេះ។
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១២ ខែកក្កដា អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ អគ្គនាយកដ្ឋានពន្ធដារបានក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ រួសរាន់ទៅប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារដែលជាដៃគូររបស់អគ្គនាយកដ្ឋាន ឬតាមរយៈកម្មវិធី “GDT Taxpayer App" ដែលអាចទាញយកបានពី App Store ឬ Play Store។
ពន្ធដារព្រមានថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន៕