ភ្នំពេញ៖ ព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី បានទទួលជួបសំណេះសំណាល និងទទួលថវិកាពីសប្បុរសជនចំនួន ៣ក្រុម ដឹកនាំដោយព្រះវិន័យធរ មាស ចាយ អនុគណស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
សប្បុរសជនទី១ ព្រះវិន័យធរ មាស ចាយ អនុគណស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឧបត្ថម្ភថវិកាចំនួន ២.២២២.២០០រៀល។ សប្បុរសជនទី២ទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស លោកស្រី ប៉ុន ស៊ីណាត ឧបត្ថម្ភថវិកាចំនួន ៤២២.០០០រៀល និងសប្បុរសជនទី៣ លោក ស៊ន សំអូន និងភរិយា ឧបត្ថម្ភថវិកាចំនួន ៣០០ ០០០រៀល។
ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំរគុណពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចំពោះ ព្រះវិន័យធរ មាស ចាយ និងសប្បុរសជន ដែលមានព្រះទ័យ និងទឹកចិត្តមនុស្សធម៌ដែលបានចូលរួមថវិកាជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានទាន់ពេលវេលា។
នៅថ្ងៃនេះផងដែរលោកស្រីអគ្គលេខាធិការក៏បានទទួលជួបសំណេះសំណាល និងទទួលថវិកា ១០លានរៀល អង្ករ ៥តោន និងផ្កា ១កន្ត្រកធំ ពីក្រុមការងារសប្បុរសធម៌នៃក្រុមហ៊ុនពិភពដីមាសគ្រុប ដឹកនាំដោយលោកស្រី សាន សុទ្ធាវិន ប្រធានក្រុមប្រតិបត្តិការងារ និងសមាជិក សមាជិកាសរុបចំនួន ១០នាក់ ផងដែរ។
ក្នុងឱកាសនោះដែរ លោកស្រី ពុំ ចន្ទីនី បានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំរគុណពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចំពោះ ក្រុមការងារសប្បុរសធម៌នៃក្រុមហ៊ុនពីភពដីមាសគ្រុប ដែលទឹកចិត្តមនុស្សធម៌ និងសូមកោតសរសើរទឹកចិត្តរបស់ថ្នាក់នាំនៃក្រុមហ៊ុនពីភពដីមាសគ្រុប ដែលបានបង្កើតក្រុមការងារមនុស្សធម៌នេះឡើង ដើម្បីជួយដល់ប្រជាពលរដ្ឋ។
លោកស្រី សាន សុទ្ធាវិន បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាឲ្យក្រុមការងារសប្បុរសធម៌នៃក្រុមហ៊ុនពីភពដីមាសគ្រុប បានសម្តែងការគួរសម និងចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ។ លោកស្រី បានបន្ថែមទៀតថា កាកបាទក្រហមកម្ពុជា គឺស្ថាប័នមនុស្សធម៌ដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលបណ្តាញទូរទាំងប្រទេស ដែលមានលទ្ធភាពក្នុងការជួយដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា៕