លោក ហ៊ុន ម៉ាណែត៖ សីលធម៌គឺជាកត្តារួចចំណែកដល់ការការពារស្ថិរភាព សន្ដិសុខ និងសុខដុមរមនាក្នុងសង្គម
ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថាមូលដ្ឋានសីលធម៌របស់មនុស្សជាតិត្រូវមាននៅក្នុងការអប់រំតាំងពីវ័យក្មេងរហូតដល់ធំ ហើយមូលដ្ឋាននេះគឺជាកត្តាចាំបាច់ចូលរួមចំណែកដល់ការរក្សាការពារស្ថិភាព សន្តិសុខ និងភាពសុខដុមរមនាក្នុងសង្គម។ លោកលើកឡើងបែបនេះក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះធម្មលិខិត លាស់ ទ្បាយ សន្សំកុសល ស្ថិតនៅក្នុងបរិវេណវត្តសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃច័ន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។
លោក ហ៊ុន ម៉ាណែត ថាដើម្បីសម្រេចបាននូវមូលដ្ឋានសីលធម៌នេះត្រូវមានតួអង្គ៣សំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាដែលមាន លោកគ្រូអ្នកគ្រូដែលបានផ្តល់ចំណេះដឹងនៅក្នុងសាលារៀន ឪពុកម្តាយតាយាយសាច់ញាតិបងប្អូនដែលបន្តអប់រំប្រៀនប្រដៅនៅផ្ទះ ហើយកត្តាបរិយាកាសសង្គមបរិស្ថានជុំវិញដែលត្រូវមានលក្ខណៈអំណោយផលដល់ការក្រេបជញ្ជក់នូវបទពិសោធន៍ និងចំណេះធ្វើជាក់ស្តែង។
លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា នាយករដ្ឋមន្ត្រី សម្ដេចតេជោ មានគោលដៅនិងមានមហិច្ឆិតាចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ក្នុងគោលដៅនេះ សម្តេចបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីទាក់ទាញវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស សំដៅបង្កើនវឌ្ឍនភាពសេដ្ឋកិច្ច ហើយអ្វីដែលសំខាន់ជាងនេះ គឺការការពារអាយុជីវិតប្រជាពលរដ្ឋកុំឱ្យរងគ្រោះដោយសារសង្គ្រាមបែកបាក់ និងការស្លាប់ដោយសារជំងឺកូវីដ-១៩ ជាដើម ពីព្រោះកត្តាទាំងនេះ អាចនឹងមានផលប៉ះពាល់អូសបន្លាយរយៈពេលវែងដល់ដំណើរការនៃការអភិវឌ្ឍជាតិ។
លោកបន្ថែមថាអភិក្រមទាំង៥ (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់) នៅតែបន្ត ហើយមិនមែនកើតចេញដោយចៃដន្យនោះទេ ប៉ុន្តែនេះគឺជាចក្ខុវិស័យរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងធ្វើការស្វ័យវាយតម្លៃចំណុចខ្វះខាតរបស់ខ្លួនឯងជាប់ជាប្រចាំ។ ឈរលើមូលដ្ឋាននៃការដឹកនាំ និងការតាក់តែងគោលនយោបាយ ដោយផ្សារភ្ជាប់ទៅនឹងការស្វ័យវាយតម្លៃខ្លួនឯងនេះហើយ ដែលជាកត្តានាំឱ្យមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងលើសលប់នៅទូទាំងប្រទេស។ ក្នុងន័យនេះ គណបក្សតែងបានខិតខំកែប្រែចំណុចខ្វះខាត និងពង្រឹងបន្ថែមចំណុចខ្លាំងឱ្យបានទាន់ពេលវេលា និងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានការគាំទ្របន្តទៅមុខទៀត និងបន្តជោគជ័យសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣ ខាងមុខ ព្រមទាំងផ្តល់ឱកាសជូន សម្តេចតេជោ បន្តដឹកនាំដោយការតម្កល់ផលប្រយោជន៍ជាតិជាធំ និងបន្តបម្រើប្រជាពលរដ្ឋឱ្យបានសេចក្តីសុខ សុភមង្គល និងការអភិវឌ្ឍកាន់តែរីកចម្រើនជឿនលឿន៕