ក្រចេះ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន បានអញ្ជើញថ្វាយគ្រឿងសក្ការៈ ថ្វាយភ្លេងប្រពៃណីខ្មែរ និងរបាំដល់បារមីព្រះនាងក្រពុំឈូក ដើម្បីសុំសេចក្តីសុខ ចម្រើន ជូនដល់ប្រទេសជាតិ និងប្រគេនទៀនព្រះវស្សាព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៣វត្ត គឺ វត្តព្រះវិហារលាវ វត្តវិហារគោក និងវត្តវិហារសសរ ១០០ នៅខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ ។
ពិធីសាសនានេះអាចប្រព្រឹត្តទៅបាន ដោយសារតែប្រទេសជាតិមាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ចំណែកឯទឹកចិត្តសទ្ធាជ្រះថ្លានាថ្ងៃនេះបានកើតឡើងចេញពីការរួមសាមគ្គីពីសំណាក់ពុទ្ធបរិស័ទទាំងអស់គ្នានេះ គឺបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
លោកស្រី ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខចម្រើន គ្រប់ៗគ្នា ជាពិសេស សូមគ្រប់ក្រុមគ្រួសារជៀសផុតនូវជម្ងឺកាចសាហាវផ្សេងៗ ៕