ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្ដីជូនដំណឹងបន្ថែមទាក់ទងនឹងការវិវត្តន៍ស្ថានភាពអាកាសធាតុនៅកម្ពុជាដែលថានៅចន្លោះពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែកក្កដាតំបន់សមុទ្រនៅកម្ពុជានឹងអាចមានភ្លៀងធ្លាក់ជាប់បន្តគ្នាដែលអាចធ្វើឱ្យភូមិសាស្ត្រមួយចំនួនក្នុងខេត្តព្រះសីហនុ និងកោះកុងអាចនឹងជួបប្រទះនូវជំនន់ទឹកភ្លៀង។
ក្នុងសេចក្ដីជូនដំណឹងបន្ថែមថ្ងៃច័ន្ទ ទី១១ ខែកក្កដានេះ ក្រសួងធនធានទឹក និងឧតុនិយមឱ្យដឹងថាស្ថានភាពនេះកើតចេញពីការទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង រួមជាងមួយ និងមូសុងនីរតីបង់ខ្លាំងមកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជាផងនោះ។
ជាមួយនឹងការព្រមានពីទឹកជំនន់ក្នុងខេត្តកោះកុង និងព្រះសីហនុ ក្រសួងធនធានទឹកក៏បានបញ្ជាក់ឱ្យដឹងថានៅលើផ្ទៃសមុទ្រនឹងមានភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗផងដែរ។
ក្រសួងបញ្ជាក់ថា៖ «សូមសាធារណជនជ្រាបជាព័ត៌មាននិងបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀងវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ»។
កាលពីចុងខែមិថុនាកន្លងទៅអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត កាយស្ដារប្រព័ន្ធអូរ ប្រឡាយក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង។ តាមការប៉ាន់ប្រមាណពីមន្ទីរធនធានទឹកអាចមានអាចម៌ដីជាង១ម៉ឺនម៉ែត្រគីបនឹងត្រូវកាយចេញពីប្រព័ន្ធអូរ ប្រឡាយក្នុងខេត្ត។
ខេត្តព្រះសីហនុធ្លាប់មានគ្រោះជំនន់ទឹកភ្លៀងដ៏អាក្រកបំផុតកាលពីឆ្នាំ២០២១កន្លងទៅដែលបានធ្វើឱ្យជន់លិចលង់ក្នុងខេត្តជាខ្លាងនិងបានគួចបក់សម្លាប់ជីវិតមនុស្សម្នាក់ផងដែរ៕