ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្តឧបត្ថម្ភបន្តនិរន្តភាពដល់សមាគម និងវិទ្យុទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក FM94.70 Mz រាជធានីភ្នំពេញ។ ការសម្រេចនេះគឺធ្វើឡើងភ្លាមៗក្នុងពេលសម្ដេចតេជោចូលពិនិត្យដោយឥតព្រាងទុកដល់សមាគមនៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែកក្កដានេះ។
បន្ទាប់ពីថ្លែងបើកកិច្ចប្រជុំក្រុមបឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅព្រឹកនេះ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតចូលជួបសំណេះសំណាលដោយផ្ទាល់ជាមួយជនពិការភ្នែកចំនួន១០រូបនៃសមាគមនិងវិទ្យុទូរទស្សន៍អនឡាញសម្លេងជនពិការភ្នែកដែលមានទីតាំងទល់មុខសណ្ឋាផ្ទាល់តែម្ដង។
សម្ដេចតេជោបានសាកសួរពីដំណើរការ និងនិរន្តភាពរបស់សមាគមពិសេសជុំវិញការបើកទីស្នាក់ការបម្រើសេវាម៉ាស្សាធ្វើសរសៃរបស់ជនពិការភ្នែក ក្រៅអំពីការងារមួយចំនួន ទាក់ទិនទៅនិងការងាររបស់សមាគម និងវិទ្យុទូរទស្សន៍។
តំណាងជនពិការភ្នែកទាំង១០រូប មានប្រសាសន៍ជំរាបជូនសម្តេចតេជោថាក្រៅពីការងារ សមាគមជនពិការបានរៀនពីវិធីម៉ាស្សា និងបានជួលទីតាំងនេះប្រកបរបរបន្ថែមលើអ្វីដែល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយឧបត្ថម្ភដូចជាប្រាក់ខែ របបអង្ករជាដើម។
ក្នុងពេលចុះពិនិត្យនោះ សម្តេចតេជោបានបន្តជួយដល់សមាគមថវិកាចំនួន១០លានរៀល និង១ពាន់ដុល្លា ជូនដល់ជនពិការ និងជូនដល់និរន្តរភាពរបស់សមាគម និងវិទ្យុទូរទស្សន៍អនឡាញ សម្លេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញផងដែរ។
លោកអគ្គនាយកសមាគម និងវិទ្យុទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែកលោក សែម សំណាង បានប្រាប់មកកាន់ EAC News ថាលោកមានសេចក្ដីរំភើបជាខ្លាំងដែលសម្ដេចតេជោ បានចូលមកពិនិត្យការងាររបស់សមាគមដែលឥតព្រាងទុកដូច្នេះ។ លោកបន្ថែមថាសមាគមរបស់លោកទើបផ្លាស់មកកាន់រាជធានីភ្នំពេញបាន២ខែប៉ុណ្ណោះដើម្បីរៀបចំស្នាក់ការកណ្ដាលរបស់ខ្លួនបន្ទាប់ពីខេត្តបាត់ដំបង។
បើតាមលោក សែម សំណាង សមាគមរបស់លោកបានបង្កើតនៅឆ្នាំ២០១០ និងបានទទួលការគាំទ្រពីនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ពីឆ្នាំ២០១៣ ដើម្បីទ្រទ្រង់និរន្តភាពរហូតមកដល់បច្ចុប្បន្ន។ សមាគម និងវិទ្យុទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែកមានទីតាំងក្នុងខេត្តចំនួន៤ និង១រាជធានីគឺ ភ្នំពេញ បាត់ដំបង កំពង់ចាម បន្ទាយមានជ័យ និងពោធិសាត់៕
PHOTO: KOK KY