
លោកស្រី ពេជ ចន្ទមុន្នី នាំក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចតេជោ (TYDA) ចុះព្យាបាល ជម្ងឺទូទៅ និង ពិនិត្យសុខភាពមាត់ធ្មេញ ជូនសមាជិកាកាយឫទ្ធិនារីកម្ពុជានៅស្រុកបន្ទាយស្រី
នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ លោកស្រី ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានចុះជួបសំណេះសំណាល សួរសុខទុក្ខនិងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះព្យាបាលជំងឺមាត់ធ្មេញជូនសមាជិកាកាយឫទ្ធិនារីកម្ពុជានៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោកស្រីបានលើកឡើងថា កាយឫទ្ធិនារីកម្ពុជាបានយកចិត្តទុកដាក់ចំពោះការលើកកម្ពស់គុណតម្លៃនិងការចូលរួមរបស់កុមារី យុវតី នៅក្នុងការអភិវឌ្ឍសង្គមតាមរយៈការគាំទ្រលើកកម្ពស់ការរស់នៅ និងការសិក្សារបស់ក្មួយៗ។ លោកជំទាវបញ្ជាក់ថា ការចូលជាសមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជា ក្មួយៗនឹងមានឱកាសទទួលបាននូវការបណ្តុះបណ្តាលទាំងផ្នែកបញ្ញា ស្មារតី ការសិក្សាជំនាញ ការចែករំលែកចំណេះដឹងបទពិសោធន៍ការសិក្សា និងការរស់នៅកាន់តែទូលំទូលាយតាមរយៈ ការបង្កើតបណ្ដាញទំនាក់ទំនង ការសម្របសម្រួលរបស់សមាគម។
លោកស្រីអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានជំរុញលើកទឹកចិត្តក្មួយជាសមាជិកាទាំងអស់ឲ្យក្លាយជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋល្អ តាមគោលបំណង បេសកកម្ម និងពាក្យស្លោករបស់សមាគម “កម្លាំងស្ម័គ្រចិត្តដើម្បីកុមារីនិងយុវតីកម្ពុជា” ។
សូមបញ្ជាក់ថា សមាគមកាយឫទ្ធិនារីកម្ពុជា ដែលមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាអគ្គស្នងការសមាគម តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់កុមារីជាសមាជិការរបស់សមាគមតាមរយៈការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងសកម្មភាពផ្សេងៗទៀត៕