ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី បានលើកឡើងថាបច្ចេកវិទ្យាបានវិវត្តន៍ជារៀងរាល់ថ្ងៃហើយកាន់តែមិនអាចខ្វះបាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកបានជំរុញដល់យុវជនឲ្យរៀនសូត្រឲ្យបានច្រើន ដើរតាមឲ្យទាន់សម័យកាលបច្ចេកវិទ្យា និងត្រៀមខ្លួនឲ្យបានរួចរាល់ជានិច្ចក្នុងនាមជាពលរដ្ឋឌីជីថល។
លោក ហ៊ុន ម៉ានី បានសរសេរលើហ្វេសបុកផេករបស់លោកនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដានេះដោយឆ្លើយទៅនឹងសំណួររបស់យុវតីម្នាក់ក្នុងសិក្ខាសាលាជាស៊េរីវគ្គទី៥ ស្តីពីការជំរុញសហគ្រិនភាពជាយុវជន ក្រោមប្រធានបទ ”ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)” ដែលបានសួរថា បដិវត្តន៍ឧស្សាហកម្ម៤.០ ផ្តល់ជាគុណវុឌ្ឍអ្វីខ្លះ?
លោក ហ៊ុន ម៉ានី បានឆ្លើយតបថា៖ «ទៅថ្ងៃអនាគត ទោះបីយើងមិនដឹងឲ្យប្រាកដនៅឡើយថាតើអ្វីទៅដែលអាចជាឱកាស ឬបញ្ហាប្រឈម នៃការឈានចូលមកដល់នៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ក៏ពិតមែនតែអ្វីដែលចាំបាច់បំផុត គឺយើងត្រូវចាប់ផ្តើមគិត ត្រៀមខ្លួន ហើយយកចិត្តទុកដាក់លើអ្វីដែលយើងគួរធ្វើ និងចាប់ផ្តើមធ្វើចាប់ពីពេលបច្ចុប្បន្ន។ ថ្ងៃអនាគតយើងនឹងរស់នៅ ដោយមិនអាចអវត្តមានបច្ចេកវិទ្យាបាននោះទេ។ បច្ចេកវិទ្យានេះមានការវិវត្តជារៀងរាល់ថ្ងៃ រាល់វិនាទី ដូច្នេះ ចង់ឬមិនចង់ យើងត្រូវតែរៀនសូត្រឲ្យបានច្រើន ដើរតាមឲ្យទាន់សម័យកាលបច្ចេកវិទ្យា និងត្រៀមខ្លួនឲ្យបានរួចរាល់ជានិច្ចក្នុងនាមជាពលរដ្ឋឌីជីថល។ បរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០នេះ យើងគប្បីក្តាប់យកឱកាសផង ហើយត្រៀមខ្លួនរួចជាស្រេចក្នុងករណីមានហានិភ័យផង»។
បដិវត្តន៍ឧស្សាហកម្មទីបួន 4IR ឬឧស្សាហកម្ម 4.0 បង្កើតគំនិតនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សចំពោះបច្ចេកវិទ្យា ឧស្សាហកម្ម និងគំរូនៃដំណើរការសង្គមក្នុងសតវត្សទី២១ ដោយសារការបង្កើនទំនាក់ទំនងអន្តរកម្ម និងស្វ័យប្រវត្តិកម្មឆ្លាតវៃ។ ពាក្យនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងនៅឆ្នាំ២០១៥ ដោយស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោក និងជាប្រធានប្រតិបត្តិលោក Klaus Schwab ៕