ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក ហ៊ុន ម៉ាណែត៖ មេដឹកនាំដែលពុំមានធម៌ក្នុងខ្លួននឹងធ្វើឱ្យប្រទេសជាតិនិងប្រជាជនរងទុក្ខវេទនា

ត្បូងឃ្មុំ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា មេដឹកនាំដែលពុំមានធម៌ក្នុងខ្លួន គឺនឹងធ្វើឱ្យប្រទេសជាតិ និងប្រជាជនរងទុក្ខវេទនា ដូចដែលធ្លាប់បានឆ្លងកាត់រួចមកហើយនៅក្នុងរបបប៉ុលពត។ លោកថ្លែងបែបនេះក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះពុទ្ធឃោសាចារ្យ ស្ថិតនៅភូមិទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ, ថ្ងៃអាទិត្យ ទី១០ ខែកក្កដានេះ។

លោក ហ៊ុន ម៉ាណែត បានថ្លែងថាការភ្ជាប់គ្នារវាងទ្រឹស្តីសាសនា និងការប្រតិបត្តិឥរិយាបទជាក់ស្តែងនៅក្នុងសង្គម គឺការចាំបាច់ និងមិនអាចខ្វះគ្នាបានឡើយ ជាពិសេសការបង្រៀនរបស់សាសនាឱ្យមនុស្សចេះស្គាល់សច្ចភាព, សុច្ចរិតភាព, បុណ្យបាប ក៏ដូចជាគោលការណ៍សីលធម៌ គុណធម៌ និងការគោរពស្រឡាញ់ឱ្យតម្លៃគ្នាទៅវិញទៅមក។

លោកបន្ថែមថា នៅក្នុងសង្គមអារ្យធម៌ដូចពេលបច្ចុប្បន្ន គឺរាជរដ្ឋាភិបាលតែងបានផ្តោតតែទៅលើការខិតខំអនុវត្តគោលនយោបាយបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ដោយព្យាយាមលុបបំបាត់អំពើអវិជ្ជមាន និងកែលម្អភាពអសកម្មនានានៅក្នុងសង្គម ជាពិសេសសំដៅធ្វើយ៉ាងណាបន្តពង្រឹងបន្ថែមទៀតនូវលទ្ធភាពក្នុងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ទាំងសមត្ថភាពក្នុងការឆ្លើយតបក្នុងស្ថានភាពគ្រោះវិបត្តិ ដូចជាបញ្ហាជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះជាដើម និងការបន្តកសាងអភិវឌ្ឍជាតិនៅមុខបន្ថែមទៀត។

លោកថា៖ «សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺជាមេដឹកនាំប្រកបដោយធម៌ ដែលតែងប្រកាន់យកគោលការណ៍សច្ចធម៌ និយាយពិត ធ្វើពិត និងបម្រើពិត រួមជាមួយនឹងឆន្ទៈបង្រួបង្រួមជាតិ លើកតម្កើងសាមគ្គីភាពជាតិ និងស្រឡាញ់អាណិតប្រជាពលរដ្ឋដោយមិនមានការរើសអើងបែងចែក ដែលជាក់ស្តែងនោះ គឺការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវរបស់សម្តេច រហូតសង្គ្រោះបានអាយុជីវិតប្រជាពលរដ្ឋរាប់សែននាក់ចេញពីវិបត្តិគ្រោះភ័យនៃជំងឺកូវីដ-១៩»។

ជាមួយនឹងការអនុមោទនាត្រេកអរចំពោះការទទួលបានសមិទ្ធផលថ្មីបន្ថែមទៀតនៅក្នុងទីអារាមព្រះពុទ្ធឃោសាចារ្យ លោក ហ៊ុន ម៉ាណែត បានរម្លឹកពីសមិទ្ធផលថ្មីៗក្នុងវិស័យពុទ្ធចក្រទាំងនេះ បានកើតឡើងពីផលនៃសុខសន្តិភាព ដែលបានបង្កលក្ខណៈដល់ការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទាំងផ្នែកសង្គម សេដ្ឋកិច្ច និងជំនឿសាសនា ហើយដែលសំខាន់នោះ គឺបានស្តែងឱ្យឃើញនូវកម្លាំងសាមគ្គីធម៌របស់ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទពីទីជិតឆ្ងាយ ក្នុងការរួមគ្នាបំពេញបុណ្យកុសលតាមរយៈការចូលរួមកសាងសមិទ្ធផលនានាប្រកបដោយទឹកចិត្តសប្បាយរីករាយ និងសទ្ធាជ្រះថ្លា ដូចទៅនឹងអ្វីដែលប្រជាជនកម្ពុជាតែបានប៉ងប្រាថ្នារហូតមក គឺការរស់នៅក្នុងសង្គម ប្រកបដោយសន្តិភាព សុខដុមរមនា និងសុខសាន្ត៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក