នាយករដ្ឋមន្ត្រីប្រកាសថ្ងៃអាទិត្យ ទី១០ ខែកក្កដា ជាថ្ងៃកាន់ទុក្ខជាតិចំពោះមរណភាពលោក ស៊ីនហ្ស៊ូ អាបេ
ភ្នំពេញ៖ ដោយក្ដីអាលះអាល័យ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យមានការកាន់ទុក្ខថ្នាក់ជាតិចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ទី៨ ខែកក្កដា ដោយសារការធ្វើឃាត។ សម្ដេចបានសម្រេចបែបនេះក្នុងសារសំឡេងពិសេសមួយដែលសម្ដេចបានថ្លែងក្នុងម៉ោង៣និង២២នាទីព្រឹកថ្ងៃសៅរ៍ ទី៩ ខែកក្កដានេះ។
«នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ទង់ជាតិនឹងត្រូវបង្ហូតត្រឹមពាក់កណ្ដាលទង់ទូទាំងប្រទេសដើម្បីជាការកាន់ទុក្ខថ្នាក់ជាតិ»
សម្ដេចតេជោបានចាត់ទុក្ខមរណភាពរបស់លោក ស៊ីនហ្ស៊ូ អាបេ ជាការបាត់បង់នូវមិត្តដ៏ល្អរបស់កម្ពុជា ដោយសារក្នុងពេលដែលលោក ស៊ីនហ្ស៊ី អាបេ នៅកាន់តែតំណែងលោកបានយកចិត្តទុកដាក់ជាខ្លាំងជាមួយនឹងទំនាក់ទំនងជាមួយកម្ពុជាដែលធ្វើឱ្យទំនាក់ទំនងកម្ពុជា-ជប៉ុនឈានឡើងដល់កម្រិតដៃគូរយុទ្ធសាស្ត្រក្នុងឆ្នាំ២០១៣ និងបានជួយកម្ពុជាជាច្រើនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងកម្មវិធីអភិវឌ្ឍន៍ផ្សេងទៀត។
សម្ដេចតេជោថា៖ «យើងពិតជាមានការរន្ធត់ជាមួយនឹងប្រជាជនជប៉ុន ចំពោះការបាត់បង់នូវអ្នកស្នេហាជាតិ និងអ្នកដឹកនាំដ៏ល្អមួយរូប។ គាត់បានបំពេញភារកិច្ចដ៏ធំសម្រាប់ការកសាងមិត្តភាពជាមួយនឹងប្រជាជនកម្ពុជា»។
សម្ដេចបានបញ្ជាឱ្យគណៈកម្មការបុណ្យជាតិ និងអន្តរជាតិ ឱ្យធ្វើការណែនាំបន្ថែមដើម្បីឱ្យគ្រប់ស្ថាប័នទាំងរដ្ឋនិងឯកជនធ្វើការកាន់ទុក្ខឱ្យបានត្រឹមត្រូវនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ខាងមុខ។
លោក ស៊ីនហ្សូ អាបេ គឺជាអតីតនាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរមួយនៅប្រទេសជប៉ុន។ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងពេលថ្លែងសុន្ទរកថាមួយកាលពីព្រឹកថ្ងៃសុក្រ ទី៨ ខែកក្កដា សម្រាប់យុទ្ធនាកការឃោសនាបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន នៅភាគខាងលិខទីក្រុង Nara។ មរណភាពរបស់លោកបានធ្វើឱ្យមេដឹកនាំពិភពលោកជាច្រើនមានការរន្ធត់ចិត្ត និងសំដែងនៅក្ដីស្ដាយស្រណោះស្ទើរគ្រប់គ្នា៕