ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សម្រេចទុកពេល៣ខែដល់ម្ចាស់រថយន្តចង្កូតស្ដាំចូលទៅបង់ពន្ធ។ ការសម្រេចនេះធ្វើឡើងក្នុងកិច្ខប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រនេះ។
សម្ដេចតេជោ ហ៊ុន សែន បាន ប្រសាសន៍ ថារាជរដ្ឋាភិបាលបានឯកភាពឱ្យរថយន្តចង្កូតស្ដាំដែលមានស្រាប់ក្នុងព្រះរាជាណា ចក្រ កម្ពុជា ចរាចរជាប្រក្រតីដោយពុំចាំបាច់ធ្វើការកែពីចង្កូតស្ដាំទៅចង្កូតឆ្វេង ប៉ុន្តែតម្រូវឱ្យម្ចាស់រថយន្តទាំងនោះត្រូវទៅបង់ពន្ធជាដាច់ខាតចំពោះអ្នកដែលមិនទាន់បានបង់ពន្ធ ហើយអ្នក ដែលកក់ប្រាក់ពន្ធត្រូវទៅបង់បង្រ្គប់ប្រាក់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់ ដោយទុកឱសានវាទ រយៈពេល ៣ខែទៀត គិតចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២តទៅ។
បន្ថែមលើនេះរាជរដ្ឋាភិបាលបានសម្រេចមិនអនុញ្ញាតឱ្យបន្តនាំចូលរថយន្តចង្កូតស្ដាំទៀតជាដាច់ខាតចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២តទៅ និងបានណែនាំដល់រដ្ឋបាលខេត្ត សមត្ថកិច្ចគយ និងកងកម្លាំងឈរជើង តាម ព្រំដែនកម្ពុជា-ថៃ ត្រូវសហការជាមួយភាគីថៃ ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការចាប់ឃាត់រថយន្តចង្កូតស្តាំដែលនាំចូលមកតាមច្រកព្រំដែននានា និងត្រូវធានាថាមិនឱ្យមានរថយន្តចង្កូតស្តាំបន្តនាំចូលមកក្នុងព្រះរាជាណាចក្រ កម្ពុជាទៀតនោះទេ។
សម្ដេចបញ្ជាក់ថា៖ «ក្នុងករណីបំពានត្រូវចាប់រឹបអូសរថយន្តដោយមិនអនុញ្ញាតឱ្យបង់ពន្ធឡើយនឹងត្រូវកម្ទេចចោល»។
រាជរដ្ឋាភិបាលក៏បានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត កងកម្លាំងប្រដាប់អាវុធ និង សមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះគ្រប់បុគ្គលឬនីតិបុគ្គលទាំងឡាយណាដែលបង្កភាពអនាធិបតេយ្យលើដងផ្លូវ ឬប្រមូលផ្តុំតវ៉ាធ្វើបាតុកម្មបិទផ្លូវសាធារណៈដោយខុសច្បាប់៕