ភ្នំពេញ៖ អគ្គមេបញ្ជារងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានបង្ហាញអារម្មណ៍សោកស្ដាយ និងតក់ស្លុតជាខ្លាំង ចំពោះដំណឹងមរណភាពរបស់លោក ស៊ីនហ្សូ អាបេ ដោយលោកបានចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអតីតមេដឹកនាំពិភពលោកមួយនេះផងដែរ។
លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសបុកផេករបស់លោកថា៖ «សូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះគ្រួសារលោក អាបេ ប្រជាជនជប៉ុន និងប្រជាជាតិជប៉ុន ចំពោះការបាត់បង់រដ្ឋបុរស និងមេដឹកនាំដ៏អស្ចារ្យបែបនេះ សូមវិញ្ញាណក្ខន្ធលោកបានទៅកាន់សុគតិភព»។
គួរឱ្យដឹងផងដែរថាលោក ស៊ីនហ្សូ អាបេ គឺជាអតីតនាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរមួយនៅប្រទេសជប៉ុន។ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងពេលលោកថ្លែងសុន្ទរកថាមួយកាលពីព្រឹកមិញសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕