តូក្យូៈ ជាង ៦ ម៉ោង ក្រោយការបាញ់ប្រហារអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក សិនហ្សូ អាបេ ពេលនេះសារព័ត៌មានជប៉ុន NHK បានបញ្ជាក់ថា លោកបានទទួលមរណភាពហើយ។
បើតាម NHK មានស្នូរគ្រាប់កាំភ្លើងត្រូវបានគេឮ នៅពេលលោក អាបេ កំពុងថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខជន មកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។
បុរសម្នាក់ជនសង្ស័យជាខ្មាន់កាំភ្លើងដែលបាញ់ប្រហារលើលោកអតីតនាយករដ្ឋមន្ត្រី មានឈ្មោះថា Yamagami Tetsuya មាន អាយុ ៤១ឆ្នាំ និងជាអ្នករស់នៅក្នុងទីក្រុង Nara ដែលបានបម្រើការឱ្យកងកម្លាំងជើងទឹកនៃកងកម្លាំងស្វ័យការពារជប៉ុន អស់រយៈពេល៣ឆ្នាំ រហូតដល់ឆ្នាំ២០០៥។
បើតាមទូរទស្សន៍ NHK បានរាយការណ៍ថា ជនសង្ស័យ ដែលបានបាញ់ប្រហារ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បាននិយាយសារភាពថា មូលហេតុដែលនាំឱ្យរូបគេបាញ់ លោក Shinzo Abeនេះ គឺដោយសារតែរូបគេមិនពេញចិត្តនឹងលោក Abe ហើយមានបំណងចង់សម្លាប់គាត់។
លោក អាបេ ជានាយករដ្ឋមន្រ្តីដែលកាន់តំណែងយូរជាងគេរបស់ប្រទេសជប៉ុនដែលគាត់បានបម្រើការជានាយករដ្ឋមន្ត្រីចំនួនពីរដងជិតប្រាំបីឆ្នាំពីឆ្នាំ២០១២ ដល់ឆ្នាំ២០២0 ។
លោក Abe បានក្លាយជាមេដឹកនាំដំបូងក្នុងឆ្នាំ២០០៦ ក្នុងអាយុ៥២ឆ្នាំដែលធ្វើឲ្យលោកក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុត ក្រោយសង្គ្រាមរបស់ប្រទេសជប៉ុន។ ប្រហែលមួយឆ្នាំក្រោយមកគណបក្សប្រជាធិបតេយ្យសេរីបានចាញ់ការបោះឆ្នោតសភាជាន់ខ្ពស់ហើយលោក Abe បានលាលែងពីតំណែងដោយសារតែសុខភាពកាន់តែអាក្រក់។
ស្ថានភាពរបស់គាត់បានប្រសើរឡើងតាមពេលវេលា។ បន្ទាប់មកលោក Abe បានដឹកនាំ LDP ឱ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសភាជាន់ទាបឆ្នាំ២០១២ ហើយបានក្លាយជានាយករដ្ឋមន្ត្រីម្តងទៀត។
គាត់ត្រូវបានគេស្គាល់សម្រាប់គោលនយោបាយ "Abenomics" របស់គាត់ដែលមានគោលបំណងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសមានភាពរស់រវើកឡើងវិញ ហើយគាត់ជាអ្នកប្រតិបត្តិដ៏ឆ្លាតវៃនៅជួរមុខការទូត។
លោក អាបេ បានដឹកនាំគណបក្សរបស់លោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ហើយបានក្លាយជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុន។
លោកបានចុះចេញពីតំណែងម្តងទៀតនៅឆ្នាំ២០២០ ដោយសារបញ្ហាសុខភាពប៉ុន្តែនៅតែជាឥស្សរជនដ៏មានឥទ្ធិពលនៅក្នុងបក្ស LDP ដដែល។
លោក អាបេ មកពីគ្រួសារជាអ្នកនយោបាយ ដែលរួមមានឪពុកជារដ្ឋមន្ត្រីការបរទេស លោក Shintaro Abe និងជីតាដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុនដូចគ្នាគឺលោក Nobusuke Kishi ។
គួរបញ្ជាក់ដែរថា ជប៉ុនធ្លាប់មានប្រវត្តិនៃការធ្វើឃាតថ្នាក់ដឹកនាំជាន់ខ្ពស់ម្តងរួចមកហើយពោល គឺការសម្លាប់នាយករដ្ឋមន្ត្រី Inukai Tsuyoshi ដោយមន្ត្រីកងទ័ពជើងទឹកក្នុងឆ្នាំ១៩៣២ ក្នុងរដ្ឋប្រហារ។
ប្រទេសជប៉ុនគឺជាប្រទេសដែលមានច្បាប់កាំភ្លើងតឹងរ៉ឹងបំផុតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេ ហើយការបាញ់ប្រហារគឺកម្រមានណាស់៕