ភ្នំពេញ៖ វ៉ាក់សាំងប្រភេទ Pfizer ពីប្រទេសអូស្ត្រាលីសម្រាប់ចាក់កុមារចំនួន ១៩៦ ៨០០ដូស ត្រូវបានបញ្ជូនមកដល់កម្ពុជាបន្ថែមនៅព្រឹកថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២នេះ។
វ៉ាក់សាំងនេះត្រូវបានដឹកមកដល់នឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកនេះដោយឯកអគ្គរដ្ឋទូតអូស្ត្រាលី និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាអញ្ជើញប្រគល់និងទទួលដោយផ្ទាល់ ខណៈរដ្ឋាភិបាលអូស្ត្រាលីសន្យាប្រគល់សរុប ៤៨២ ៤០០ដូស ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។
ការប្រគល់ប្រគល់ជូនវ៉ាក់សាំងនៅពេលនេះ គឺជាការបន្ថែមទៅលើជំនួយ វ៉ាក់សាំង Pfizer-BioNtech ចំនួន ២,៣៥ដូស ទូបង្កកត្រជាក់ និងទូបង្កកត្រជាក់បំផុត សរុបទាំងអស់ចំនួន ១៣៣គ្រឿង និងគ្រឿងបរិក្ខាចាំបាច់ផ្សេងៗទៀត ដែលជាជំនួយទ្វេភាគីរបស់ប្រទេសអូស្រ្តាលី។ ជំនួយទាំងនេះគឺជាផ្នែកមួយនៃជំនួយអូស្រ្តាលី ដែលមានថវិកាចំនួន ៣៥,៧លានដុល្លារអូស្រ្តាលី ដែលជាការប្តេជ្ញាចិត្តគ្រប់ជំហានទាំងអស់ ឆ្ពោះទៅរកយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងសមភាពនៅកម្ពុជា។
ដល់ពេលនេះទាំងជំនួយ និងការបញ្ជាទិញ កម្ពុជារកបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបជិត ៥៣លានដូស។ ក្នុងនោះនៅសល់ក្នុងឃ្លាំងប្រមាណជា ៨លានដូស។ កម្ពុជាក៏នៅមានវ៉ាក់សាំងសរុបប្រមាណ ២០លានដូសទៀត ដែលជាជំនួយ និងជាការបញ្ជាទិញ មិនទាន់បានដឹកមកប្រទេសកម្ពុជាផងដែរ។
គិតត្រឹមថ្ងៃទី០៦ ខែកក្កដា កម្ពុជាចាក់បានជាង ៩៤ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់។ ក្រៅពីដូសមូលដ្ឋាន ពេលនេះកម្ពុជា បានឈានដល់ចាក់ដូសជំរុញទី៥ផងដែរ ខណៈវ៉ាក់សាំងដូសទី៣ បានចាក់ជូនពលរដ្ឋជាង ១០លាននាក់ ដូសជំរុញទី៤ ចាក់បានជិត ៣លាននាក់ និងដូសជំរុញទី៥ បានជាង ៣៤ម៉ឺននាក់៕



          
 
 
 
 
