អគ្គនាយកគយនិងរដ្ឋាករនឹងបង្កើនការរឹតបន្ដឹងតាមព្រំដែនថៃដើម្បីទប់ស្កាត់ការលួចនាំចូលរថយន្តចង្កូតស្ដាំ
ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ លោក គន់ ញឹម បានបញ្ជាក់ថាលោកនឹងបញ្ជូនមន្ត្រីបន្ថែមទៅកាន់ច្រកព្រំដែនកម្ពុជា-ថៃ ពង្រឹងវិធានការទប់ស្កាត់ការលួចនាំចូលរថយន្តចង្គូតស្ដាំចូលក្នុងប្រទេស។ លោកថាបញ្ហារថយន្តចង្កូតស្ដាំលួចនាំចូលមកកម្ពុជាគឺជាបញ្ហារ៉ាំរ៉ៃដែលត្រូវការរយៈពេលវែងក្នុងការដោះស្រាយ។
ឆ្លើយទៅនឹងសំណួររបស់អ្នកយកព័ត៌មាន EAC News ក្នុងសន្នីសិទសារព័ត៌មានស្ដីពីលទ្ធផលនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស លោក គន់ ញឹម បានបញ្ជាក់ថានៅពេលនេះអគ្គនាយកដ្ឋានកំពុងរៀបចំនីតិវិធី និងសេចក្ដីសម្រេចនានាទាក់ទងនឹងការចុះបញ្ជីយានយន្តចង្កូតស្ដាំដែលកំពុងចរាចរណ៍ស្រាប់ក្នុងប្រទេស ជាមួយគ្នានឹងការរឹតបន្ដឹងតាមច្រកព្រំដែនកម្ពុជា-ថៃឱ្យបានខ្លាំងក្លាដើម្បីទប់ស្កាត់ការលួចនាំចូលរថយន្តចង្កូតស្ដាំខុសច្បាប់ចូលកម្ពុជាបន្តទៀត។
លោកឱ្យដឹងថាបញ្ហាកន្លងទៅដែលធ្វើឱ្យឈ្មួញលួចនាំចូលរថយន្តចង្កូតស្ដាំបានដោយសារព្រំដែនកម្ពុជា-ថៃ វែងហើយអគ្គនាយកដ្ឋានមិនមានកម្លាំងគ្រប់គ្រាន់ដាក់តាមច្រកព្រំដែននីមួយៗ។ លោកថាជាទូទៅករណីចាប់រថយន្តចង្កូតស្ដាំនេះតែងធ្វើនៅពេលដែលវាត្រូវបានលួចនាំចូលនឹងចរាចរណ៍រួចស្រាប់នៅកម្ពុជាប៉ុណ្ណោះ ខណៈលោកថានៅភ្នំពេញមានច្រើនជាងគេ។
លោកថាបញ្ហានៃការនាំចូលរថយន្តចង្កូតស្ដាំនេះមានជាច្រើនឆ្នាំមកហើយ ដែលត្រូវការពេលវេលាច្រើនថែមទៀតក្នុងការដោះស្រាយ រួមជាមួយការអប់រំដល់ពលរដ្ឋផងដែរ។
លោក គន់ ញឹម៖ «សំណួរមួយទៀតថាតើអាចសន្យាទេថាអត់មានរថយន្តរត់ពន្ធខុសច្បាប់ចូលមកស្រុកទេសឆ្នាំ២០២២ ឬក្រោយពីហ្នឹង? បញ្ហានេះជាបញ្ហាលំបាកដូចខ្ញុំបាននិយាយអញ្ចឹងថាបញ្ហាព្រំដែនវាទូលាយវាវែងអន្លាយ ហើយជនខិលខូចនៅតែមានវាអត់អស់! បើថាឱ្យអស់ (ការលួចនាំចូល) ១០០%ប្រហែលជាលំបាក។ តែយើងប្រឹងប្រែងអនុវត្តន៍តួនាទីរបស់យើងកាត់បន្ថយឱ្យបានជាអតិប្បរមា»។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមនៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឱ្យឡានចង្កូតស្ដាំទាំងអស់ឱ្យចូលទៅបង់ពន្ធដោយពុំចាំបាច់កែចង្កូតនោះទេដោយថាដើម្បីសម្រួលការលំបាករបស់ម្ចាស់រថយន្ត។ សម្ដេចតេជោ បញ្ជាក់ថាការអនុញ្ញាតនេះគឺសម្រាប់តែរថយន្តដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយតែប៉ុណ្ណោះ ខណៈរថយន្តដែលនាំចូលក្រោយថ្ងៃទី៦ ខែកក្កដា នឹងមិនអនុញ្ញាតឱ្យបង់ពន្ធទេ និងមានវិធានការច្បាប់ផងដែរ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា នេះក្រុមម្ចាស់រថយន្តចង្កូតស្ដាំដែលបានកែចង្កូតរួចបានលើកគ្នាតវ៉ាសុំទៅរដ្ឋាភិបាលដកសម្រេចនេះ ដោយរក្សាការតម្រូវឱ្យឡានចង្កូតស្ដាំទាំងអស់ត្រូវកែចង្កូតទៅឆ្វេងវិញ។
ទាក់ទងនឹងករណីនេះអគ្គនាយកគយ និងរដ្ឋាករលោក គន់ ញឹម បានលើកឡើងថានេះជាសិទ្ធិរបស់ពលរដ្ឋក្នុងការតវ៉ា តែថាលោកមិនមានការណែនាំឬសម្រេចថ្មីទៀតពីសំណាក់ថ្នាក់ដឹកនាំ ដូច្នេះការអនុវត្តន៍គឺនៅតែអនុវត្តន៍តាមគោលការណ៍របស់នាយករដ្ឋមន្ត្រីដែលបានផ្ដល់ឱ្យកាលពីម្សិលមិញដដែល។
លោកថា៖ «ចំណុចពាក់ព័ន្ធរឿងតវ៉ានេះយើងនឹងតាមដានតទៅទៀតថាតើមានការវិវត្តន៍ដូចម្ដេចតែសម្រាប់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមិនទាន់បានទទួលការណែនាំពីថ្នាក់ដឹកនាំទេ។ យើងធ្វើការលើអ្វីដែលកំពុងនៅជាធរមាននៅឡើយ កំពុងតែរៀបចំគិតគូរអនុវត្តន៍ហើយអនុវត្តន៍នេះគឺចង់អនុវត្តឱ្យបានឆាប់»។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនឹងរដ្ឋាករកម្ពុជាឱ្យដឹងថាក្នុងយុទ្ធនាការ១០ខែក្នុងការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករមានរថយន្តអត់ពន្ធ និងចង្កូតស្ដាំចំនួន ៩ ៧៥៣គ្រឿងចូលមកបង់ពន្ធ និងកក់ប្រាក់កែចង្កូតដែលក្នុងនោះមានរថយន្តចង្កូតឆ្វេងមកបង់ពន្ធចំនួន ២ ៧១៣គ្រឿងដែលប្រមូលពន្ធបានជិត៣៥លានដុល្លារអាមេរិក និងរថយន្តចង្កូតស្ដាំមកកក់ប្រាក់យកទៅកែចង្កូតមានជាង ៧ ០៤០គ្រឿងដែលប្រមូលលុយកក់បានជាង ៤១លានដុល្លារអាមេរិក៕
PHOTO: EAC NEWS