សម្តេចតេជោ៖ កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ គប្បីវាយតម្លៃ និងដាក់ចេញគោលនយោបាយ ជួយគ្នានិងបំពេញឱ្យគ្នាទៅវិញទៅមក
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ ឱ្យគប្បីមានការវាយតម្លៃ វាយតម្លៃ និងដាក់ចេញគោលនយោបាយ ដែលជួយគ្នាទៅវិញទៅមក និងបំពេញឱ្យគ្នាដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។
សម្តេចបានថ្លែងបែបនេះនៅក្នុងជំនួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោកឧបនាយករដ្ឋមន្ត្រី សាលើមសៃ គុំម៉ាស៊ីត ឆ្លើតតបនឹងការស្នើរសុំអនុសាសន៍ណែនាំ ពីសម្តេចតេជោ ពីភាគីឡាវ ក្នុងការធ្វើយ៉ាងណាឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើងមុនពេលប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេរភាគីកម្ពុជាឡាវ។
លោកឧបនាយករដ្ឋមន្ត្រីឡាវ ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុកពីសំណាក់ ប្រធានាធីបតី និងនាយករដ្ឋមន្រ្តីឡាវ គោរពជូនដល់សម្តេចតេជោ ហើយបានសម្តែងនូវការអបអរសាទ ជូនដល់សម្តេចតេជោ និងគណបក្សប្រជាជនដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សឃុំ សង្កាត់កន្លងមក។
លោក សាលើមសៃ បានលើកឡើងថា លទ្ធផលនៃការបោះឆ្នោត គឺឆ្លុះបញ្ជាំងនូវជំនឿចិត្តរបស់ប្រជាជន លើការដឹកនាំនិងនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោ។
លោក សាលើមសៃ ក៏បានសម្តែងការអបអរសាទចំណោះសម្តេចតេជោដែលបានដឹកនាំអាស៊ាន ទទួលបានជោគជ័យ។ ឡាវបេ្តជ្ញាបន្តគាំទ្រ កម្ពុជាក្នុងការដឹកនាំជាប្រធានអាស៊ាន ជាពិសេសវិធានការរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហារប្រទេសមីយ៉ាន់ម៉ា ឆ្លៀតក្នុងឱកាសនោះដែរ។ លោក សាលើមសៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយដល់ប្រទេសឡាវ ទាំងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងទាំងវិស័យដ៏ទៃទៀត។
ជាការឆ្លើយតបសម្តេចតេជោបានថ្លែងអំណរគុណ លោក សាលើមសៃ ដែលបានពាំនាំការផ្តាំផ្ញើរសួរសុខទុកពីប្រធានាធីបតី និងនាយករដ្ឋមន្ត្រីឡាវ និងបានថ្លែងអំណរគុណចំពោះ លោក សាលើមសៃ ដែលបានសម្តែងការអបអរចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការគាំទរកម្ពុជាក្នុងការដឹកនាំអាស៊ានជាពិសេសក្នុងការស្វែងរកដំណោះស្រាយឱ្យប្រទេសមីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា លោក សាលើមសៃ គុំម៉ាស៊ីត កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជានិងឡាវ។
លោករដ្ឋមន្ត្រីការបរទេសឡាវ កាលពីខែកុម្ភៈ កន្លងទៅ ក៏បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាផងដែរ ដើម្បីពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការរវាងកម្ពុជានិងឡាវ៕
PHOTO: KOK KY