កាកបាទក្រហមកម្ពុជាសហការណ៍ជាមួយក្រុមហ៊ុនសម្រស់ធម្មជាតិធ្វើ «យុន្ធាការបរិច្ចាគឈាមសង្រ្គោះជីវិត»
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា សហការណ៍ជាមួយនឹងក្រុមហ៊ុនសម្រស់ធម្មជាតិ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានធ្វើយុទ្ធាការបរិច្ចាគឈាមសង្រ្គោះជីវិតដែលមានការចូលរួមពីបុគ្គលិកក្រុមហ៊ុន និងបងប្អូនប្រជាពលរដ្ឋក្នុងក្តីរំពឹងទុកប្រមាណ ១ពាន់នាក់នឹងចូលរួមបរិច្ចាគ។
ថ្លែងនៅក្នុងសន្និសិទ្ធសារព័ត៌មានក្នុងថ្ងៃយុន្ធាការនាថ្ងៃទី៦ ខែកក្កដា នេះ អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ លោកស្រី នួន ស៊ុន្ទរី បានបង្ហាញនូវក្តីរីករាយដែលបានធ្វើឱ្យយុន្ធនាការនេះកើតមានឡើងដែលផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមបរិច្ចាគឈាមជាពិសេសគឺជួយផ្សព្វផ្សាយបន្ថែមទៀតដល់ពលរដ្ឋឱ្យបានយល់ដឹងពីការបរិច្ចាគឈាម ដែលតម្រូវការឈាមនៅក្នុងប្រទេសកម្ពុជាកម្ពុជាមានការខ្វះខាតជារៀងរាល់ថ្ងៃ។
លោកស្រីថា៖«ខ្ញុំផ្តល់តម្លៃនៃការផ្តល់ឈាមព្រោះវាពិតជាជួយសង្រ្គោះជីវិត ការផ្តល់ឈាមធ្វើឱ្យយើងមានមោទនភាពជាមួយខ្លួនឯង ហើយខ្ញុំក៏មានមោទនភាពជាមួយបងប្អូនដែលផ្តល់ឈាម […] បូមឈាមកាន់តែច្រើនដងសុខភាពយើងកាន់តែល្អកាត់បន្ថយនៃការកើតមហារីក កុំខ្លាចឈាម កុំខ្លាចម្ជុល មានគោលដៅតែមួយគត់គឺ ខ្ញុំបូមឈាមចេញទៅគឺខ្ញុំជួយជីវិតមនុស្ស ប៉ុណ្ណោះគឺលែងខ្លាចអ្វីទាំងអស់»។
ជាមួយគ្នានេះ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានឱ្យដឹងថា ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២១កន្លងមក យើងត្រូវ ការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៦នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃ សរុបមានជាង២៥០ប្លោកជាមធ្យមនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជាង១០ម៉ឺនប្លោក ដែលកើនលើសពីឆ្នាំមុនៗជិត ២០% ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានគ្របដណ្ដប់ជាង៧០%នៃការ ផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលឈាមតាមរយៈសប្បុរសជនដោយមិនគិតកម្រៃនិងដោយ ស្ម័គ្រចិត្តឆ្លើយតបបានប្រហែលតែ១០% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០%នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក។
លោកបន្តថា ក្រោយពីការរាតត្បាតនៃជំងឺកូវីដ-១៩ ការផ្តល់ឈាមដោយស្ម័គ្រចិត្តមានការថមថយខ្លាំង ដែលថ្ងៃនេះជាឱកាសមួយល្អដើម្បីពង្រឹងឡើងវិញ យុទ្ទាការនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា «បរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពេទ ហើយឈាមមាន ប្រភពមួយគត់តពីមនុស្សមិនមានរោងចក្រណាផលិតបានទេ”។
លោកថា៖ «អ្នកដែលបានបរិច្ចាគឈាម ១០០ លើក គឺជាវេជ្ជបណ្ឌិតហើយក៏ជាអតីតអនុប្រធានមជ្ឍមណ្ឌលជាតិផ្តល់ឈាមផងដែរ គាត់អាយុ ៩០ឆ្នាំហើយ ដែលគាត់បានបរិច្ចាគឈាមលើស ១០០ដង អាចនិយាយថាលើសមួយរយដង គឺគាត់បរិច្ចាគទៀងទាត់គឺ ៣ខែម្តងៗ […] ចឹងការបរិច្ចាគឈាមមិនត្រឹមតែ អត់ប៉ះពាល់សុខភាពទេ គឺអាចផ្តល់លទ្ធភាពឱ្យយើងមានអត្ថប្រយោជន៍ច្រើន យើងអាចដឹងពីស្ថានភាពសុខភាព ជាធម្មតាយើងអាចដឹងពីស្ថានភាពសុខភាពយើងមុន យើងអាចការពារបានហើយ»។
លោកបានបញ្ជាក់ដែរថា ឈាមដែលត្រូវបានបរិច្ចាគដោយស្ម័គ្រចិត្តនេះនឹងត្រូវបានយកទៅប្រើប្រាស់នៅតាមមន្ទីពេទ្យដោយមិនយកប្រាក់ទេ ហើយសម្រាប់បុគ្គលណាដែលមានការទិញដូរឈាមនោះគឺជាអំពើខុសច្បាប់ដែលត្រូវមានទោស។
លោកស្រី ម៉ែន នារីសោភ័ក្រ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានបង្ហាញក្តីរំភើបដែលឃើញបងបងប្អូនប្រជាពលរដ្ឋជាច្រើនបានមកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលបងប្អូនមកទីនេះដើម្បីបរិច្ចាគឈាម បរិច្ចាគឈាមដើម្បីសង្រ្គោះជីវិត។
លោកស្រីថា៖ «ចំនួនបងប្អូនប្រជាពលរដ្ឋដែលមកបរិច្ចាគនៅទីនេះជាសញ្ញារមួយបង្ហាញថា ទី១ ការផ្សព្វផ្សាយបានទូលំទូលាយ ទី២ កំណើននៃការយល់ដឹង អំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការបរិច្ចាគឈាម អត្ថប្រយោជន៍ពីរសំខាន់ ទី១ គឺបានពិនិត្យសុខភាព ទទួលបានលទ្ធផលដឹងថាស្ថានភាពសុខភាព របស់បងប្អូនយ៉ាងមិច ទី២ បើស្ថានភាពសុខភាពរបស់បងប្អូនល្អគឺបងប្អូនអាចជួយទៅដល់អាយុជីវិតរបស់អ្នកដែលកំពុងត្រូវការឈាម»។
ទន្ទឹមនឹងនេះផងដែរប្រជាពលរដ្ឋម្នាក់ដែលជាកីឡាករ គុនល្បុក្កតោ លោក គីម ទិត្យសុវឌ្ឍនៈ ដែលបានចូលរួមបរិច្ចាគឈាមក្នុងយុន្ធាការនេះ បានសម្តែងការរីករាយដែលបានមកផ្តល់ឈាមជាលើកដំបូងរបស់ខ្លួន ដោយយល់ថាបានជួយអ្នកដែលខ្វះខាតឈាមអ្នកកំពុងដែលសម្រាកព្យាបាល ហើយក៏អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមកបរិច្ចាគដូចជារូបគាត់ដែរ។
លោក គីម ទិត្យសុវឌ្ឍនៈ ៖«អំពាវនាវអ្នកបងប្អូនទាំងអស់គ្នាចូលរួមផ្តល់ឈាមទាំងអស់គ្នា ព្រោះយើងចូលរួមផ្តល់ឈាមយើងអាចជួយដល់អាយុជីវិតមនុស្សដែលគាត់ខ្វះឈាម ហើយការផ្តល់ឈាមនេះអត់មានអីត្រូវខ្លាចទេព្រោះវាអត់មានការឈឺអីទាំងអស់ ហើយជួយដល់សុខភាពរបស់យើងដែរ ហើយអ្នកដែលមានសាក់គឺយើងអាចបរិច្ចាគបានធម្មតា ដោយលោកគ្រូពេទ្យ ពិគ្រោះជាមួយយើងក្នុងការពន្យាពេលក្នុងករណីយើងទើបចាក់សាក់ហើយ គឺមានការពន្យារហូតដល់ខែដែលយើងអាចផ្តល់បាន»។
អ្នកស្រី សឺង តារាដារី ជាជាងធ្វើក្រចកក៏បានក្តីរំភើបដែលបានមកបរិច្ចាគឈាមជាលើកទី១ របស់ខ្លួនត្បិតអីកន្លងមកចង់បរិច្ចាគដែរតែមិនដឹងថាបរិច្ចាគនៅកន្លែងណា។
អ្នកស្រី សឺង តារាដារី ៖«ខ្ញុំចង់បរិច្ចាគអ្វីដែលខ្ញុំមានជួយដល់អ្នកអត់ អ្នកដែលខ្វះឈាមឬអ្នកដែលកំពុងត្រូវការឈាម ពីមុនមកខ្ញុំអត់ដឹងការត្រូវបរិច្ចាគឈាមនេះត្រូវទៅកន្លែងណា ហើយដោយសារឃើញការផ្សព្វផ្សាយរបស់បងស្រីអូន ក្រុមហ៊ុនសម្រស់ធម្មជាតិ ខ្ញុំក៏មកបរិច្ចាគ»។
ពលរដ្ឋដែលជា រត់ម៉ូតូកង់បីឥណ្ឌា ម្នាក់ទៀតដែលបានចូលរួមក្នុងការបរិច្ចាគឈាមនៅក្នុងថ្ងៃតែមួយ លោក នុត គន្ធា បានឱ្យដឹងថា នេះជាលើកទី៥ របស់គាត់ហើយដែលបានបរិច្ចាគឈាម លោកបានបញ្ជាក់ថា លោកគ្មានថវិការច្រើនដើម្បីធ្វើបុណ្យទេ តែលោកមានឈាមដើម្បីបរិច្ចាគដែលឈាមនេះមិនមានរោងចក្រណាអាចបង្កើតបានទេ។
លោក នុត គន្ធា៖ «ខ្ញុំឃើញគេធ្វើបុណ្យច្រើន គេមានថវិការច្រើន តែសម្រាប់ពូថវិការអត់មាន តែពូមានឈាម តែឈាមនេះក្រុមហ៊ុនក៏មិនទាន់អាចមានបង្កើតបានដែរ ចឹងពូបរិច្ចាគបានបរិច្ចាគទៅ ដល់បងប្អូនមួយចំនួនដែលគាត់ខ្វះខាតឈាមជាចាំបាច់ ព្រោះយើងមានហើយគឺឈាម តែថវិការខ្ញុំអត់មានទេ តែទឹកចិត្តរបស់ខ្ញុំគឺ ផ្តល់ឈាម ឈាមចេញពីក្រអៅបេះដូងដល់បងប្អូនទាំងអស់ដឹងថា ឈាមមិនអាចមានរោងចក្រណាផលិតបានទេ»។
អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តទាំងអស់គ្នាដើម្បីបំពេញកង្វះខាតឈាម ជាពិសេសការបរិច្ចាគឈាមនឹងជួយប្រជាជនខ្មែរមិនឱ្យស្លាប់ដោយសារតែខ្វះឈាមទេ។
គួរបញ្ជាក់ដែរថា ចំពោះលក្ខខ័ណ្ឌសម្រាប់អ្នកដែលអាចបរិច្ចាគឈាមបានគឺត្រូវមានត្រូវមានសុខភាពល្អ អាយុពី១៨ ដល់៦០ឆ្នាំ ទម្ងន់ចាប់ពី៤៥ គីឡូក្រាមឡើងទៅ អេម៉ូក្លូប៊ីនលើសពី 12.5g/100ml សម្ពាធឈាមពី 100mmHg/60mmHg ទៅ 140mmHg/90mmHg និងចន្លោះពេលក្នុងការបរិច្ចាគឈាម៖ រៀងរាល់ ៣ខែសម្រាប់បុរស រៀងរាល់ ៤ខែ សម្រាប់ស្ត្រី ។
សម្រាប់អត្ថប្រយោជន៏ផ្នែកសុខភាពនៃការបរិច្ចាគឈាមគឺអាចទទួលបានការពិនិត្យពិគ្រោះសុខភាពម្ដង ឱ្យបានដឹងពីស្ថានភាពជំងឺ ឆ្លងផ្សេងៗ៖ ជំងឺថ្លើមប្រភេទ បេ សេ ស្វាយ អេដស៍ ។ល។ ដោយក្រុមការងារនៃមជ្ឈមណ្ឌលជាតិផ្ដល់ ឈាមនឹងរក្សាការសម្ងាត់ជូន។
បន្ថែមពីនេះវាជួយកាត់បន្ថយផងដែរនូវហានិភ័យនៃជំងឺមហារីកនានា កាត់បន្ថយកំហាប់ឈាមនិងការលើសជាតិដែកដែលធ្វើឲ្យមានផលប៉ះពាល់ដល់ថ្លើមនិងលំពែង និងជួយធ្វើឱ្យប្រសើរឡើងនូវ សុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល៕