ព្រះវិហារ៖ អគ្គមេបញ្ជាការងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកលោក ហ៊ុន ម៉ាណែត បានលើកឡើងពីផលប្រយោជន៍ដែលប្រជាពលរដ្ឋរស់នៅតាមព្រំដែនទទួលបានតាមរយៈនយោបាយសន្ដិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ លោកលើកឡើងថា តាមរយៈទស្សនវិស័យរបស់សម្ដេចតេជោ បានប្រែក្លាយតំបន់ព្រំដែនពីតំបន់ដែលពោរពេញដោយការប្រយុទ្ធក្លាយជាតំបន់ដែលមានសន្ដិភាព និងការអភិវឌ្ឍន៍នាំឱ្យមានការរីកចម្រើនដល់ប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តប្រវត្តិសាស្ត្រ «វត្តមរតកតេជោបុរីស្វរៈ» និងអបអរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ថ្ងៃពុធ ទី៦ ខែកក្កដានេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា គោលនយោបាយព្រំដែនសន្ដិភាពរបស់សម្ដេចតេជោ ហ៊ុន សែន បានបើកឱកាសឱ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន បង្កើតជាភូមិឋានដោយបានរៀបចំជាតំបន់អភិវឌ្ឍន៍ ដែលមានការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន វត្តអារាម ផ្សារលក់ដូរ និងប្រព័ន្ធទឹកភ្លើង ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន ហើយស្ថានភាពនៃការអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែនបែបនេះ ក៏បានដើរតួនាទីមួយយ៉ាងសំខាន់ផងដែរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជននៅជាប់តំបន់ព្រំដែនឱ្យបានស្និទ្ធស្នាល តាមរយៈសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ជាដើម។
លោកបានបន្ថែមថា៖ «ពិតណាស់ការកសាងពីចំណុចសូន្យដោយបាតដៃទទេ វាគឺជាការលំបាកណាស់ទៅហើយ ប៉ុន្តែការថែរក្សាដើម្បីធានាបាននូវចីរភាពនៃ សមិទ្ធផលទាំងអស់នោះ គឺកាន់តែលំបាកខ្លាំងបំផុត ដូច្នេះសូមប្រជាជនកម្ពុជាទាំងនៅក្នុងមូលដ្ឋាននេះ ក៏ដូចជានៅទូទាំងប្រទេស សូមបន្តរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរ ដើម្បីបន្តថែរក្សាការពារជាតិខ្មែរយើងឱ្យបានរីកចម្រើន និងស្ថិតនៅជាអមតៈសម្រាប់អ្នកជំនាន់ក្រោយតទៅមុខទៀត»។
ជាមួយគ្នានេះលោកក៏បានប្រកាសផងដែរថា រាជរដ្ឋាភិបាលកម្ពុជានៅបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ការពារបូរណភាពទឹកដី ដោយមិនឱ្យបាត់បង់ និងមិនរំលោភបំពានគេ និងប្តេជ្ញាធានាការបន្តអភិវឌ្ឍនៅតំបន់ព្រំដែន និងកែប្រែតំបន់អតីតសមរភូមិឱ្យប្រែក្លាយជាតំបន់ពោរពេញដោយសុខសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចបន្ថែមទៀត។
សម្តេចតេជោ នឹងនៅបន្តដឹកនាំធានាការពារដាច់ខាតនូវបូរណភាពរបស់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដែលជាកេរដំណែលវប្បធម៌ប្រវត្តិសាស្ត្រ ព្រមជាមួយនឹងការបន្តខិតខំថែរក្សាអភិរក្សស្របតាមបទដ្ឋានបច្ចេកទេសរបស់អង្គការ UNESCO។
ការអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសំណង់ព្រះវិហារថ្មី រួមនឹងសមិទ្ធផលនានាជាច្រើននៅក្នុងវត្តប្រវត្តិសាស្ត្រ «វត្តមរតកតេជោបុរីស្វរៈ» ក៏ជាភស្ភុតាងថ្មីមួយទៀតដែលបានបង្ហាញពីភាពខុសគ្នាកាលពីអតីតកាលមកបច្ចុប្បន្ន ដែលកាលពីអតីតកាលនៅក្នុងតំបន់នេះគឺជាតំបន់គ្មានប្រជាជនរស់នៅ គ្មានហេដ្ឋារចនាសម្ព័ន្ធ និងសំបូរទៅដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប៉ុន្តែសព្វថ្ងៃមានវត្តអារាម សាលារៀន មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត បម្រើឱ្យសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាផ្នែកមួយនៃការការពារនូវកេរដំណែលបេតិកភណ្ឌវប្បធម៌ខ្មែរដែលមានតម្លៃលេចធ្លោជាសកល ព្រមជាមួយនឹងការបង្កើតនូវសុខដុមនីយកម្មរវាងប្រាសាទបុរាណ បរិស្ថាន និងសហគមន៍ប្រជាពលរដ្ឋ៕