ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ចលនាជាតិឆ្ពោះទៅរកកម្ពុជាគ្មានគ្រាប់មីនឆ្នាំ២០២៥

ភ្នំពេញ៖ ចលនាជាតិមួយត្រូវបានបង្កើតឡើងដើម្បីជួយសម្អាតមីននៅកម្ពុជាឆ្ពោះទៅរកប្រទេសគ្មានមីននៅឆ្នាំ២០២៥ ចលនានេះបានបើកទទួលស្វាគមន៍ការចូលរួមពីប្រជាជនគ្រប់ស្រទាប់វណ្ណៈដើម្បីចូលរួមតាមរយៈការចូលវិភាគទានសប្បុរសជួយដល់អាជ្ញាធរមីនសម្រេចកិច្ចការនេះ។

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសបុកផេករបស់ខ្លួនដោយបានប្រកាសនូវលេខគណនីធនាគារសម្រាប់បរិច្ចាគថវិការ ដើម្បីចូលរួមយុទ្ធនាការបោសសំអាតមីននៅកម្ពុជាដោយ ប្រជាពលរដ្ឋអាចបរិច្ចាកបានតាមរយៈធនាគារ ABA BANK ធនាគារ ACLEDA BANK និងធនាគារកាណាឌីយ៉ា។

សម្ដេចតេជោបានសរសេរថា៖ «នេះជាចលនាជាតិដ៍ធំដើម្បីឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥។ […]ខ្ញុំសង្ឃឹមថាជនរួមជាតិយើងទាំងក្នុងនិងក្រៅប្រទេសនឹងបន្តចូលរួមក្នុងយុទ្ធនាការឈានទៅបញ្ចប់សោកនាដកម្មលើទឹកដីដ៍កំសត់របស់យើងត្រឹមឆ្នាំ២០២៥»

កាលពីថ្ងៃ៣ ខែកក្កដា គម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីន ត្រូវបានប្រកាសឡើងក្រោយពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បញ្ជាដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក អូន ព័ន្ធមុន្នីរ័ត្ន រៀបចំដាក់កញ្ចប់ថវិកាសម្រាប់សម្អាតមីនដើម្បីពន្លឿនការដោះមីនឱ្យបានឆាប់រហ័ស និងបានជំរុញដល់វិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបោសសម្អាតមីននៅកម្ពុជាផងដែរ។

គិតរហូតមកដល់ថ្ងៃនេះ ថវិការដែលប្រមូលបានពីសប្បុរសជនដែលបានចូលរួមសម្រាប់បំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះមានចំនួនទឹកប្រាក់ ១៥ ៦១៤ ៩១០ ដុល្លារ និងប្រាក់រៀលចំនួន ១៩០ ៨០០ ០០០រៀល។

ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមនៅវិមានសន្ដិភាព ថ្ងៃពុធ ទី៦ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យជំនួយការរបស់សម្ដេចប្រកាសពីគណនីធនាគារសម្រាប់ទទួលនូវថវិការបរិច្ចាកពីសប្បុរសធម៌ដើម្បីចូលរួមក្នុងការបោសសម្អាតមីននៅកម្ពុជា។

សម្ដេចតេជោថា៖ «គេចង់ចូល ៥ម៉ឺនរៀល ១ម៉ឺនរៀល ២ម៉ឺនរៀល ដើម្បីគេចង់រួមចំណែកធ្វើឱ្យប្រទេសនេះមានសុវត្ថិភាព។ ថីបានមិនព្រមធ្វើ? ឥឡូវធ្វើទៅ ចាំមើលអស់លោកធ្វើរួចហើយតើវាបានប៉ុណ្ណា? បងប្អូនខ្មែរខ្លះនៅក្រៅប្រទេសចង់ចូលក៏ប៉ុន្ដែមិនដឹងចូលតាមណា។ អញ្ចឹងប្រសិនបើយើងប្រកាសឱ្យបានទូលំទូលាយនឹងមានការចូលបន្តទៀត»

បច្ចុប្បន្នកម្ពុជានៅសល់ផ្ទៃដីដែលនៅសល់គ្រាប់មីនជិត២ពាន់គីឡូម៉ែត្រក្រឡា (ស្មើនឹងចម្ការមីនជាង ១ម៉ឺន៤ពាន់ចម្ការ)។

របាយការណ៍របស់អាជ្ញាធរមីនបានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ខែឧសភា ឆ្នាំ២០២២ ការបោសសម្អាតមីននៅទូទាំងប្រទេស សម្រេចបានផ្ទៃដីជាង ២ពាន់៤រយលានម៉ែត្រក្រឡា កំទេចចោលមីនប្រឆាំងមនុស្សជាង១លានគ្រប់ មីនតោនជាង២៦ម៉ឺនគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួនជាង៣លានគ្រាប់។ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៦៥ ០០៣នាក់ ស្ត្រី៤ ៧៩៣នាក់ កុមារា ៦ ១០៦នាក់ កុមារី ១ ៣៩៣នាក់ ក្នុងនោះស្លាប់ ១៩ ៨១៨នាក់ ពិការ ៩ ០៧៧នាក់ និងរបួស ៣៦ ១០៨នាក់។

សប្បុរសជនដែលចង់បរិច្ចាក តាមធនាគារ ABA មានលេខកុង ០០៤១៩៣៧១៦ (លុយរៀល) ៤៤៤៤៤៥៥៥៥ (លុយដុល្លារ) ធនាគារអេស៊ីលីដា ០០០១០៤៥៨៨៨៨៩៩ (លុយរៀល) ០០០១០៤៥៣៨៨៨៨៨៨ (លុយដុល្លារ) និងធនាគារកាណាឌីយ៉ា ០០១០០០៥៦៥៦៦៤៣ (ប្រាក់រៀល) ០០១០០០៥៦៥៦៦៣៥ (ប្រាក់ដុល្លារ)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក