ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំដល់ស្ថាប័នរដ្ឋ និងពលរដ្ឋនាំគ្នាសន្សំសំចៃការប្រើប្រាស់អគ្គិសនី ខណៈដែលរដ្ឋកំពុងឈានដល់ការខាត់បង់ជាលើដំបូងលើវិស័យអគ្គិសនីដោយសារវិបត្តិដែលទទួលរងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងទណ្ឌកម្មលើរុស្ស៊ី។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមនៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន ថារដ្ឋបានចេញថ្លៃខាតបង់លើថ្លៃអគ្គិសនីជំនួសពលរដ្ឋដើម្បីរក្សាតម្លៃនៃការប្រើប្រាស់អគ្គិសនីនៅក្នុងប្រទេស ដែលសម្ដេចតេជោ ប៉ាន់ប្រមាណថាក្នុងឆ្នាំ២០២២ នេះរដ្ឋនឹងចំណាយខាតបង់លើអគ្គិសនីជាង ១០០លានដុល្លារ។
សម្ដេចតេជោថា៖ «បើរដ្ឋគិតលើថ្លៃចំណេញអគ្គិសនីមកដល់ពេលនេះប្រហែលអគ្គិសនីឡើងថ្លៃជា២រួចហើយ»។
សម្ដេចតេជោ បានបញ្ជាដល់ស្ថាប័នរដ្ឋត្រូវចាប់ផ្ដើមមុនគេក្នុងការសន្សំសំចៃនេះ។
នាយករដ្ឋមន្ត្រីកម្ពុជា ថាវិបត្តិនេះកើតឡើងពីបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើរុស្ស៊ីជាមួលហេតុដែលធ្វើឱ្យមានវិបត្តិថាមពលបែបនេះ ហើយប្រសិនជាអូសបន្លាយដល់ឆ្នាំក្រោយទៀតបញ្ហាវិបត្តិនឹងរឹតតែធ្ងន់ធ្ងរ៕
PHOTO: KOK KY