លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

អនុប្រធានទី២រដ្ឋសភាភ្ជាប់សន្តិភាពនៅឧបទ្វីបកូរ៉េទៅនឹងពីសន្តិភាពនិងស្ថិរភាពក្នុងតំបន់

ភ្នំពេញ៖ អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) លោកស្រី ឃួន សុដារី បានលើកឡើងថា សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ មិនអាចផ្តាច់ចេញពីសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកបានទេ។ ក្នុងទស្សនៈនេះសហគមន៍អន្តរជាតិមានកាតព្វកិច្ច និងទំនួលខុសត្រូវក្នុងការជំរុញកិច្ចសន្ទនារកសន្តិភាព និងការបង្រួបបង្រួមនៅឧបទ្វីបកូរ៉េ។ លោកស្រីថ្លែងបែបនេះក្នុងពេលបិទសន្និសីទអន្តរជាតិស្ដីពី «ការកសាងសន្តិភាពប្រកបដោយចីរភាពនៅអាស៊ីប៉ាស៊ីហ្វិកផ្អែកលើមនុស្សនិយមសកល» ដើម្បីការបង្រួបបង្រួមឧបទ្វីបកូរ៉េដោយសន្តិភាព នៅព្រឹកថ្ងៃអង្គារ៍ ទី៥ ខែកក្កដានេះ។

ក្នុងសន្និសីទនោះលោកស្រី ឃួន សុដារី បានលើកឡើងថាក្នុងនាមជាប្រទេសជាតិមួយ ដែលស្រឡាញ់សន្តិភាព កម្ពុជាបាននឹងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកដល់សន្តិភាពពិភពលោក។ លោកស្រីបានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងឡាយឱ្យពិចារណាលើអនុសាសន៍ដែលកើតចេញពីសន្និសីទនេះ ដោយបញ្ចូលធាតុចូលទាំងនេះទៅក្នុងការអភិវឌ្ឍន៍គោលនយោបាយ និងធ្វើឱ្យក្លាយជាប្រភពនៃការបំផុសគំនិត និងការណែនាំសម្រាប់ផែនការសកម្មភាព ដែលរឹងមាំ និងពិតជាក់ស្តែង ដើម្បីលើកកម្ពស់សន្តិភាពសកលដោយផ្អែកលើមនុស្សជាតិ។

លោកស្រីថា៖ «សន្តិភាព គឺជាតម្រូវការដំបូងបំផុតសម្រាប់ការអភិវឌ្ឍន៍និងលទ្ធិប្រជាធិបតេយ្យ។ យើងទាំងអស់គ្នាត្រូវថែរក្សាពូនជ្រុំសន្តិភាព។ នៅកម្ពុជា សន្តិភាពគឺជាអាទិភាពចម្បងនៃដំណើរការកសាងប្រទេសជាតិរបស់យើង។ ឃ្លាថា “អរគុណសន្តិភាព” បានក្លាយជាយុទ្ធនាការជាតិរបស់កម្ពុជា ដើម្បីរំលឹកប្រជាជនអំពីតម្លៃនៃសន្តិភាព និងសារៈសំខាន់នៃការចូលរួមរបស់ប្រជាជនដើម្បីការពារថែរក្សាសន្តិភាព»។

លោកស្រីបន្ថែមថាសន្និសីទអន្តរជាតិស្ដីពី «ការកសាងសន្តិភាពប្រកបដោយចីរភាពនៅអាស៊ីប៉ាស៊ីហ្វិកផ្អែកលើមនុស្សនិយមសកល» ដើម្បីការបង្រួបបង្រួមឧបទ្វីបកូរ៉េដោយសន្តិភាព គឺមានភាពពាក់ព័ន្ធ និងទាន់ពេលវេលា ស្របពេលដែលពិភពលោកកំពុងស្វែងរកវិធីសាស្រ្ត និងយន្តការថ្មីៗ ដើម្បីធ្វើយ៉ាងណាឱ្យការលើកកម្ពស់សន្តិភាពមានភាពកាន់តែប្រសើរឡើង។

លោកស្រីថា៖ «សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ មិនអាចផ្តាច់ចេញពីសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកបានទេ។ ក្នុងទស្សនៈនេះសហគមន៍អន្តរជាតិមានកាតព្វកិច្ច និងទំនួលខុសត្រូវក្នុងការជំរុញកិច្ចសន្ទនារកសន្តិភាព និងការបង្រួបបង្រួមនៅឧបទ្វីបកូរ៉េ»។

លោកស្រីថា កម្ពុជាក៏បានរួមចំណែកដល់សន្តិភាពនៅឧបទ្វីបកូរ៉េនេះដែរ ដោយក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោកនៅឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍លើសំណើគោលនយោបាយជាក់ស្តែងពាក់ព័ន្ធមួយចំនួនឆ្ពោះទៅរកសន្តិភាព និងការបង្រួបបង្រួមនៅឧបទ្វីបកូរ៉េ ដែលត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីថ្លែងការណ៍ទីក្រុងសេអ៊ូល ឆ្នាំ២០២២ និងសេចក្តីថ្លែងការណ៍នៃអនុសាសន៍ដែលយើងទើបតែបានអនុម័ត។

សភាកម្ពុជាក៏បានរួមចំណែកដល់កិច្ចសន្ទនាស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ ជាពិសេសក្រោមក្របខណ្ឌនៃសមាគមសភាអាស៊ីប៉ាស៊ីហ្វិកនៃ UPF ដែលដឹកនាំដោយលោក ឯក ណាត ដាកាល់ ដែលកំពុងមានវត្តមាននៅទីនេះ។ សភាកម្ពុជានឹងបន្តពង្រឹងតួនាទីស្ថាប័នសភា និងសមាជិកសភាបន្ថែមទៀត ដើម្បីសន្តិភាព និងសន្តិសុខ។

លោកស្រី ឃួន សុដារី ក៏បានលើកឡើងនូវបទពិសោធន៍ពីដំណើរការសន្តិភាពរបស់កម្ពុជា ដោយបង្ហាញថា ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ទៅលើសន្តិភាព ដោយត្រូវតែបន្តថែរក្សា និងកសាងមូលដ្ឋានគ្រឹះនៃសន្តិភាព។ សន្តិភាពមិនមែនត្រឹមតែគ្មានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ការថែរក្សាបេតិកភណ្ឌវប្បធម៌ និងការការពារបរិស្ថានផងដែរ។

លោកស្រីអនុប្រធានទី២នៃរដ្ឋសភា បានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងឡាយ ឱ្យពិចារណាលើអនុសាសន៍ដែលកើតចេញពីសន្និសីទនៅថ្ងៃនេះបញ្ចូលធាតុចូលទាំងនេះទៅក្នុងការអភិវឌ្ឍន៍គោលនយោបាយ និងធ្វើឱ្យក្លាយជាប្រភពនៃការបំផុសគំនិត និងការណែនាំសម្រាប់ផែនការសកម្មភាព ដែលរឹងមាំ និងពិតជាក់ស្តែង ដើម្បីលើកកម្ពស់សន្តិភាពសកលដោយផ្អែកលើមនុស្សជាតិ។

សន្និសីទអន្តរជាតិស្ដីពី "ការកសាងសន្តិភាពប្រកបដោយចីរភាពនៅអាស៊ីប៉ាស៊ីហ្វិកផ្អែកលើមនុស្សនិយមសកល" ដើម្បីការបង្រួបបង្រួមឧបទ្វីបកូរ៉េដោយសន្តិភាព ក្រោមកិច្ចសហការរៀបចំ ដោយមូលនិធិបណ្ឌិតសភា Hyojeong លេខាធិការដ្ឋាន UPF នៅអាស៊ីប៉ាស៊ីហ្វិក និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងដែលមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភាត្រូវបានរៀបចំឡើងនៅវិមានរដ្ឋសភាកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក