ភ្នំពេញ៖ ក្រសួងទេសចរណ៍សម្រេចដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាអបអរខួបទី៥៥នៃទំនាក់ទំនងកម្ពុជា-វៀតណាម និងបានអំពាវនាវដល់សមាគមផ្នែករដ្ឋ-ឯកជនពាក់ព័ន្ធក្នុង និងក្រៅប្រទេស សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនចូលរួមប្រើប្រាស់ឱ្យបានទូលំទូលាយផងដែរ។
រូបផ្កាឈូកដែលមានទង់ជាតិប្រទេសកម្ពុជា និងវៀតណាមនៅស្រទាប់ខាងក្នុងជាប់គ្នាគឺជានិមិត្តសញ្ញាអបអរខួបទី៥៥ នៃទំនាក់ទំនងប្រទេសជិតខាងទាំងពីរនេះ។
ក្រសួងទេសចរណ៍បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថានិមិត្តសញ្ញានេះត្រូវបានក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលទេសចរណ៍ជាតិវៀតណាមឯកភាពគ្នាជ្រើសរើសយកដើម្បីអបអរខួបនៃទំនាក់ទំនងការទូតរបស់ខ្លួន។
ការសម្រេចឱ្យមាននិមិត្តសញ្ញានេះក៏ជាលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ នៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក និងស្របតាមផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើស្ទួយវិស័យទេចរណ៍កម្ពុជា ក្នុងនិងក្រោយដំណាក់កាលកូវីដ-១៩ ក៏ដូចជាការប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំង ជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា «កម្ពុជាជាគោលដៅទេសចរណ៍កីឡា» តាមរយៈស៊ីហ្គេមឆ្នាំ២០២៣ អាស៊ានប៉ារ៉ាហ្គេម និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កម្ពុជា-វៀតណាមបានបង្កើតទំនាក់ទំនងការទូតរវាងគ្នានឹងគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ដើម្បីជួយគាំទ្រ សាមគ្គីគ្នាប្រឆាំងនឹងការឈ្លានពានពីបរទេស។
ថ្លែងក្នុងខួបលើកទី២៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានលើកឡើងថាទោះបីជាមានឧបសគ្គជាច្រើនក្ដីតែទំនាក់ទំនងកម្ពុជា-វៀតណាមនៅតែល្អ ហើយចំណងសាមគ្គីភាពរវាងគ្នានិងគ្នាកាន់តែរីកចម្រើនបន្ថែមទៀតជាពិសេសក្នុងនិងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
លោកបានចាត់ទុកកម្ពុជាជាបងប្អូនល្អ ហើយប្រទេសទាំងពីរបានជួយគ្នាទៅវិញទៅមកដែលនាំឱ្យប្រទេសទាំងពីររួចផុតពីការឈ្លានពានពីបរទេស និងផ្ដួលរំលំរបបប្រល័យពូជសាសន៍នៅកម្ពុជាបាន។ លោកក៏បានអរគុណដល់កម្ពុជាផងដែរ៕