ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរមីនរៀបចំកម្លាំងបោសសម្អាតមីនបន្ថែមក្រោមគម្រោងសកម្មភាពមីនរបស់សម្តេចតេជោ

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីកំណត់គោលដៅអាទិភាព រៀបចំផែនការ និងបែងចែកកម្លាំងបោសសម្អាត ក្រោម «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីនផ្តល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម» ដំណាក់កាលដំបូង។

កិច្ចប្រជុំធ្វើឡើងនៅថ្ងៃច័ន្ទ ទី៤ ខែកក្កដា ដោយលោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា អង្គប្រជុំបានឯកភាពឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោកបោសសម្អាតផ្ទៃដីក្នុងស្រុក/ក្រុងចំនួន៨ និងប្រកាសជាស្រុក/ក្រុងអស់មីនរួមមាន ស្រុកស្រែអំបិល (ខេត្តកោះកុង) ស្រុកឆ្លូង ស្រុកចិត្របុរី (ខេត្តក្រចេះ) ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ (ខេត្តព្រះវិហារ) ស្រុកឧត្តុង្គ (ខេត្តកំពង់ស្ពឺ) និងក្រុងសេរីសោភ័ណ្ឌ ស្រុកមង្គលបុរី (ខេត្តបន្ទាយមានជ័យ)។

មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់ សង្រ្គាម (NPMEC) បោសសម្អាតផ្ទៃដីក្នុងខេត្តត្បូងឃ្មុំ និងប្រកាសជាខេត្តអស់មីន។

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បោសសម្អាតផ្ទៃដីក្នុងខេត្តតាកែវ និងខេត្តកំពត និងប្រកាសជាខេត្តអស់មីន បន្ថែមលើធនធានដែល CMAC មានស្រាប់។ ជាមួយគ្នានេះ CMAC នឹងធ្វើការបោសសម្អាតផ្ទៃដីក្នុងស្រុកចុងកាល់ (ខេត្តឧត្តរមានជ័យ) និងប្រកាសជាស្រុកអស់មីន ដោយប្រើកម្លាំងចម្រុះជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍រវាងប្រតិបត្តិករទាំងពីរ។

លោកទេសរដ្ឋមន្រ្តី បានបន្តទៀត ផែនការបន្ត ត្រូវអនុវត្តន៍ស្របតាមនីតិវិធីនៃការងារបោសសម្អាតមីន និងស្តង់ដាសកម្មភាពកំចាត់មីនកម្ពុជា ដោយតម្រូវឲ្យក្រុមការងារបច្ចេកទេសត្រូវចុះពិនិត្យវាយតម្លៃលើស្ថានភាពរាល់គ្រប់ចម្ការមីនជាក់ស្តែង (ទំហំ ប្រភេទចម្ការមីន និងស្ថានភាពភូមិសាស្រ្ត) ដើម្បីលើកគម្រោងថវិកា និងពង្រាយកម្លាំងបោសសម្អាត។ ដំណើរការអនុវត្តតំបន់អស់មីន ដូចជា ជ្រើសរើសតំបន់អាទិភាព វិភាគកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេស (Non-Technical Survey_NTS) ជាមួយប្រតិបត្តិករ ធ្វើផែនការពង្រាយកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេសរបស់ប្រតិបត្តិករ ដោយមានការអនុម័តពីអាជ្ញាធរមីន ពង្រាយកម្លាំងកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេសតាមការណែនាំរបស់អាជ្ញាធរមីន កំណត់តំបន់បោសសម្អាត វិភាគសមត្ថភាពបោសសម្អាតជាមួយប្រតិបត្តិករ បែងចែកតំបន់បោសសម្អាតដល់ប្រតិបត្តិករ ប្រតិបត្តិករពិនិត្យចម្ការមីន និងរៀបចំផែនការថវិកា បញ្ជូនមកអាជ្ញាធរមីន ពិនិត្យ និងផ្តល់គម្រោងបោសសម្អាតដល់ប្រតិបត្តិករ ការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព ត្រូវបានអនុវត្ត និងការប្រគល់ដីដែលបានបោសសម្អាតរួច និងការប្រកាសតំបន់អស់មីន។

សូមបញ្ជាក់ថា កម្ពុជានៅសល់ ២២រាជធានី-ខេត្ត បន្តរងផលប៉ះពាល់ដោយសារមីន (មិនរាប់បញ្ចូលគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមផ្សេងទៀត) ក្នុងទំហំផ្ទៃដីសរុប ៧១៦.០៣៩.៧១២ ម៉ែត្រក្រឡា (៧១.៦០៣,៩ ហិកតា)។

ការចាប់ផ្ដើមយុទ្ធនាការនេះគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក អូន ព័ន្ធមុន្នីរ័ត្ន រៀបចំដាក់កញ្ចប់ថវិកាសម្រាប់សម្អាតមីនដើម្បីពន្លឿនការដោះមីនឱ្យបានឆាប់រហ័ស។

ថ្លែងក្នុងទិវាមច្ឆាជាតិ នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ថាការសម្រេចនេះគឺដើម្បីសម្រួលការលំបាកដែលត្រូវរង់ចាំជំនួយពីម្ចាស់ជំនួយ ខណៈកម្ពុជាមានផែនការសម្អាតមីនឱ្យអស់នៅឆ្នាំ២០២៥ និងកំពុងចាប់ផ្ដើមយុទ្ធនាការប្រកាសខេត្តគ្មានមីន។

សម្ដេចតេជោថា៖ «ឥឡូវដូចជានៅខេត្តកែប យើងប្រកាសជាខេត្តដែលគ្មានមីនទៅហើយ។ កន្លែងខ្លះទៀតយើងត្រូវការលុយតែ ៥ម៉ឺនដុល្លារទេ យើងទៅរកសុំបរទេសវាពិបាកណាស់! ឥឡូវដាក់ចូលក្នុងថវិការជាតិដើម្បីបញ្ចប់នូវទីកន្លែងមួយចំនួនដែលដោះជិតអស់ហើយតែវាខ្វះលុយដោះ។ កម្លាំងដោះមីនមានជាកម្លាំងស៊ីម៉ាក់ ជាកម្លាំងប្រតិបត្តិករដទៃទៀតដូចជាវិស្វកម្មកងទ័ព ទាំងកងទ័ពអគ្គបញ្ជាការកងទ័ព ទាំងជើងគោក ទាំងកម្លាំងប្រតិបត្តិការរក្សាសន្ដិភាពក្រៅប្រទេស។ យើងប្រើប្រាស់ថវិកានោះដើម្បីបោសសម្អាតមីន ហើយដាក់តំបន់ទាំងនោះជាតំបន់ដែលគ្មានមីនដើម្បីរក្សាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋរបស់យើងតែម្ដង»

ជាមួយគ្នានេះសម្ដេចតេជោក៏បានជំរុញដល់វិស័យឯកជនចូលរួមជាមួយរដ្ឋាភិបាលក្នុងការបោសសម្អាតមីននៅកម្ពុជាផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក