ដំណើរទស្សនកិច្ចលើកទីពីររបស់ប្រេសិតពិសេសអាស៊ាននៅមីយ៉ានម៉ានៅតែមិនបានជួបតំណាងគណបក្ស លោកស្រី អ៊ុង សានស៊ូជី
ភ្នំពេញ៖ នៅក្នុងដំណើរបំពេញទស្សនកិច្ចការងារលើកទី២ រយៈពេល ៣ថ្ងៃនៅប្រទេសមីយ៉ាន់ម៉ា ក្នុងតួនាទីជាប្រេសិតពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបជាមួយភាគីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា តំណាងគណបក្សនយោបាយឈ្នះឆ្នោតកាលពីឆ្នាំ២០២០ ជាពិសេសអង្គការប្រដាប់អាវុធជនជាតិភាគតិច ប៉ុន្តែមិនបានជួបជាមួយភាគីលោកស្រី អ៊ុង សានស៊ូជី ទេ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អាស៊ាន បានឱ្យដឹងថា ទស្សនកិច្ចការងារលើកទី២ ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ អមដំណើរដោយ អគ្គលេខាធិការរងអាស៊ានសម្រាប់សហគមន៍សង្គមវប្បធម៌អាស៊ាន (ASCC) ផាន់ ថាវង្ស ដែលមានគោលបំណងឆ្ពោះទៅមុខវឌ្ឍនភាពក្នុងការអនុវត្តការឯកភាពគ្នាចំនួនប្រាំចំណុច (5PC) ជាពិសេសលើការពន្លឿនការផ្តល់ជំនួយមនុស្សធម៌ និងកម្មវិធីចាក់វ៉ាក់សាំង ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌អាស៊ានដល់មីយ៉ាន់ម៉ា និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនានយោបាយបញ្ចូលគ្នា។
ចាប់ផ្តើមពីដំណើរទស្សនៈកិច្ច នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងពិធីប្រគល់វិភាគទានរបស់រដ្ឋាភិបាលចិនចំនួន ២លានដូស វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានបង្ហាញដោយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋចិនប្រចាំមីយ៉ាន់ម៉ានៅទីក្រុងយ៉ាំងហ្គោន លោក ឆេន ហៃ។
ក្រោយមកនៅរសៀលថ្ងៃដដែល ប្រេសិតអាស៊ានបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៅទីក្រុង Nay Pyi Taw។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបច្ចុប្បន្នភាពស្ថានភាព និងបញ្ហាប្រឈមនានាក្នុងការអនុវត្តឯកសារសំខាន់នេះ ហើយក៏បានតាមដាននូវកិច្ចប្រជុំចំនួនបីលើកមុនរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ ។ លោក Min Aung Hlaing បានចែករំលែកជាមួយប្រេសិតពិសេស អំពីស្ថានភាពសន្តិសុខបច្ចុប្បន្ន រួមទាំងអំពើហិង្សា អំពើឃោរឃៅ និងការបំភិតបំភ័យជនស៊ីវិលហើយលោកក៏បានបង្ហាញពីឆន្ទៈរបស់គាត់ក្នុងការចូលរួមដោយផ្ទាល់នៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់ជាតិ (NCA)។
ជាការឆ្លើយរបប្រេសិនពិសេសអាស៊ាន ក៏បានឆ្លៀតឱកាសដើម្បីជំរុញឱ្យ SAC រិះរកមធ្យោបាយដើម្បីធ្វើការជាមួយប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីយើងអាចពង្រឹងបន្ថែមទៀតនូវភាពស៊ីសង្វាក់គ្នារវាងការងាររបស់យើងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានជួបសមភាគី រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា U Wunna Maung Lwin ដោយបានរំលឹកឡើងវិញពីការកាត់ទោសប្រហារជីវិតយុវជន និងការស្នើសុំឱ្យលោកស្រី អ៊ុងសាន ស៊ូជី ត្រឡប់ទៅឃុំខ្លួនក្នុងផ្ទះវិ ក៏ដូចជាបានស្នើឱ្យ SAC គាំទ្រការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព ទាន់ពេលវេលា និងមិនលំអៀង ការដោះលែងអ្នកទោស។ លោកក៏បានបញ្ជាក់ដែរថា ប្រេសិនពិសេសអាស៊ានមិនបានជួបជាមួយ លោកស្រី Daw Su Su Lwin ប្រពន្ធប្រធានគណបក្ស NLD របស់លោកស្រី ស៊ូជី ដោយសារតែស្ថានភាពសុខភាពលោកស្រី និងមិនអាចជួប លោកស្រី Aung San Suu Kyi ដោយសារស្ថិតក្រោមនីតិវិធីតុលាការ។
លោក ប្រាក់ សុខុន ក៏បានជួបក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌អាស៊ាន ដែលដឹកនាំដោយ លោក U Ko Ko Hlaing ក្នុងការពន្លឿនការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព ទាន់ពេលវេលា និងមិនលំអៀង គឺជាប្រធានបទសំខាន់សម្រាប់ការពិភាក្សា។
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ លោក ឧបនាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯក យ៉ា ពៀ ប្រធានគណៈកម្មាធិការចរចាឯកភាពជាតិ និងសន្តិភាព (NSPNC)។ កិច្ចប្រជុំបានផ្តោតលើរបៀបវារៈផ្សេងៗ រួមទាំងវិធីសាស្រ្តក្នុងការចូលរួមបន្ថែមទៀតជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) ក្នុងកិច្ចព្រមព្រៀងឈប់បាញ់ទូទាំងប្រទេស (NCA) និងតួនាទីរបស់គណៈកម្មាធិការក្នុងប្រតិបត្តិការជំនួយមនុស្សធម៌ និងយុទ្ធនាការចាក់វ៉ាក់សាំងដល់ប្រជាជនមីយ៉ាន់ម៉ា។ ឧត្តមសេនីយ៍ឯក យ៉ា ពៀបានសម្តែងនូវឆន្ទៈសហការ និងស្វាគមន៍ចំពោះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា ។
បន្ទាប់មក លោក ប្រាក់ សុខុន និងប្រតិភូអមដំណើរបានជួបពិភាក្សាជាមួយតំណាង អង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) ចំនួនប្រាំពីរ ដែលបានចុះហត្ថលេខាលើបទឈប់បាញ់ជាមួយភាគីយោធាមីយ៉ាន់ម៉ាក្នុងនោះរួមមានទាំងកងទ័ពការ៉ែន ដោយផ្តោតលើបញ្ហាប្រឈមដើម្បីបញ្ចប់ជម្លោះដ៏យូរទស្សវត្សនេះ និងរបៀបជំរុញកិច្ចចរចាសន្តិភាព ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងអស់ក្នុងប្រទេស។
នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រីបានជួបជាមួយតំណាងគណបក្សនយោបាយចំនួនប្រាំពីរនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបានឈ្នះអាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ២០២២ ប៉ុន្តែមិនមានតំណាងគណបក្ស NLD របស់លោកស្រី ស៊ូជី ទេ។ គណបក្សនយោបាយបានរាយការណ៍សង្ខេបជូនបេសកជនពិសេសស្តីពីការវិវត្តនៃស្ថានការណ៍នយោបាយ និងមនុស្សធម៌លើមូលដ្ឋានក្នុងរដ្ឋ និងតំបន់នីមួយៗ។ ពួកគេទាំងអស់បានចែករំលែកក្តីបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ធ្ងន់ធ្ងរនៃអំពើហិង្សាលើជនស៊ីវិល រួមទាំងការដុតបំផ្លាញភូមិ ដោយមិនមានអង្គការទទួលខុសត្រូវច្បាស់លាស់។ តំណាងគណបក្សបានអំពាវនាវឱ្យមានការផ្តល់ជំនួយមនុស្សធម៌ឱ្យបានទាន់ពេលវេលាទៅកាន់តំបន់រៀងៗខ្លួន។
មុននឹងបញ្ចប់បេសកកម្ម បេសកជនពិសេសបានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ លោក Christian Lechervy, ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង លោក Thomas L. Vajda ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិច លោក Ranieri Sabatucci ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងលោកស្រី Angela Corcoran ភារធារីនៃស្ថានទូតអូស្ត្រាលី ដោយបានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃកិច្ចព្រមព្រៀងប្រាំចំណុច (5PC) និងការវាយតម្លៃរបស់ពួកគេលើស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមក្នុងប្រទេសមីយ៉ាន់ម៉ា ហើយអង្គទូតបានកោតសរសើរចំពោះតួនាទីរបស់កម្ពុជាក្នុងផ្នែកមនុស្សធម៌ ជាពិសេសទំនាក់ទំនងពីរនាពេលថ្មីៗនេះស្តីពីការកាត់ទោសប្រហារជីវិត និងសំណើសម្រាប់ ការផ្ទេរលោកស្រី អ៊ុងសាន ស៊ូជី ត្រឡប់ទៅឃុំឃាំងនៅផ្ទះវិញ៕