ក្រុមប្រឹក្សាជាតិគាំពារសង្គមអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្តទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គម
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្តទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គម ក្នុងន័យធ្វើសុខដុមនីយកម្ម លើកកម្ពស់ និងជំរុញការផ្សព្វផ្សាយអំពីប្រព័ន្ធគាំពាសង្គមដល់សាធារណជន និងប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
អគ្គលេខាធិការ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម លោក ចន ណារិទ្ធ មានប្រសាសន៍ថា ការដាក់ឱ្យដំណើរការយុទ្ធសាស្រ្តទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមនៅថ្ងៃនេះ ជាការបោះជំហ៊ានថ្មីមួយទៀតនៃការងារទំនាក់ទំនង និងផ្សព្វផ្សាយពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម ក្នុងគោលបំណងធ្វើសុខដុមនីយកម្មការងារទំនាក់ទំនង និងផ្សព្វផ្សាយ និងដើម្បីធានាសង្គតិភាព និងប្រសិទ្ធភាព ទាំងក្នុងទិដ្ឋភាពគោលនយោបាយ និងទិដ្ឋភាពនៃការអនុវត្តគោលនយោបាយ ព្រមទាំងធានាថាប្រជាពលរដ្ឋ ក៏ដូចជាអ្នកទទួលផលពីប្រព័ន្ធគាំពារសង្គម ទទួលបានព័ត៌មានគ្រប់គ្រាន់ ត្រឹមត្រូវ ទាន់ពេល និងយល់ពីរបប/កម្មវិធីគាំពារសង្គមដែលរាជរដ្ឋាភិបាលដាក់ចេញ។
លោកបន្តថា ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការខិតខំប្រែងរបស់ភាគីពាក់ព័ន្ធ, ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជាទទួលបានសមិទ្ធផលសំខាន់ៗ ដូចជា អនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ” រៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសមស្របសម្រាប់យុវជនមកពីក្រុមគ្រួសារក្រីក្រ អនុវត្ត “កម្មវិធីសាច់ប្រាក់ពលកម្ម - Cash for Work ” និងរៀបចំការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកសោធន។
គួរបញ្ជាក់ថា យុទ្ធសាស្រ្តទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គម ដែលបានដាក់ឱ្យដំណើរការនៅពេលនេះ ត្រូវបានរៀបចំដោយឆ្លងកាត់ការពិគ្រោះពិភាក្សា ទាំងការជួបដោយផ្ទាល់ និងតាមប្រព័ន្ធប្រជុំពីចម្ងាយជាច្រើនលើកច្រើនសារ ដើម្បីប្រមូលធាតុចូលសំខាន់ៗពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានា ។
ក្រុមប្រឹក្សាជាតិគាំពារសង្គមបានផ្តួចផ្តើមរៀបចំចងក្រងយុទ្ធសាស្រ្តទំនាក់ទំនង និងផ្សព្វផ្សាយនេះឡើង ដោយកំណត់គោលដៅ គោលបំណង និងសកម្មភាពទំនាក់ទំនង ដើម្បីបង្ហាញ និងបញ្រ្ជាបការយល់ដឹង អំពីគោលនយោបាយ ការអនុវត្ត និងអត្ថប្រយោជន៍នៃរបប និងកម្មវិធីគាំពារសង្គមនានា ដល់សារធារណជន អ្នករៀបចំគោលនយោបាយ និងដៃគូអភិវឌ្ឍន៍នានា ជាពិសេសអ្នកទទួលផលពីប្រព័ន្ធគាំពារសង្គម នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្តទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គម នៅថ្ងៃនេះសិក្ខាសាលាក៏មានពិភាក្សាស្ដីពីវឌ្ឍនភាពនៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៦៕