ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងទេសចរណ៍មានជំនឿថា នៅឆ្នាំ២០៣៥ នឹងមានភ្ញៀវទេសចរណ៍អន្តរជាតិទៅកាន់ខេត្តមណ្ឌលគិរីជិត១លាននាក់

មណ្ឌលគិរី៖ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ លោក ជុក ជំនោរ ឱ្យដឹងថា ចក្ខុវិស័យទៅថ្ងៃអនាគតសម្រាប់ខេត្តមណ្ឌលគិរី គឺរដ្ឋាភិបាលនឹងធ្វើឱ្យខេត្តក្លាយជាគោលដៅទេសចរណ៍សំខាន់ថ្មីមួយទៀត ដែលរំពឹងថានឹងមានភ្ញៀវទេសចរណ៍អន្តរជាតិទៅលេងប្រមាណ ៩០ម៉ឺននាក់ក្នុង១ឆ្នាំ ខណៈភ្ញៀវក្នុងស្រុកនឹងកើនឡើងដល់ជាង២លាននាក់។

ថ្លែងក្នុងពិធីផ្សព្វផ្សាយសមាសភាពនៃគណៈកម្មាធិការដឹកនាំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (គ.ដ.ផ.ម) លោក ជុក ជំនោរ បានលើកឡើងថាការដាក់ខេត្តមណ្ឌលគិរី ជាខេត្តអេកូទេសចរណ៍លំដាប់អន្តរជាតិ នឹងធ្វើឱ្យខេត្តនេះជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។

លោកបន្ថែមថាដើម្បីឱ្យខេត្តក្លាយជាតំបន់ទេសចរណ៍នាំមុខថ្មី ទិសដៅយុទ្ធសាស្ត្រចំនួន៦ នឹងចែកចេញជាសកម្មភាពអនុវត្តចំនួន ១២១គម្រោង និងមានគម្រោងអាទិភាពចំនួន ១៦ និងមានក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ២៨អង្គភាព ជាអ្នកទទួលខុសត្រូវអនុវត្ត។

ទិសដៅយុទ្ធសាស្ត្រទាំង៦នេះ អនុញ្ញាតឲ្យមានតែការវិនិយោគ និងអភិវឌ្ឍសកម្មភាពទេសចរណ៍ ដែលមានការគិតគូរច្បាស់លាស់អំពីបរិស្ថានក្នុងដែនជម្រកសត្វព្រៃទាំង៥ លើកទឹកចិត្តការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ភ្ជាប់ជាមួយវប្បធម៌ជនជាតិដើមភាគតិច រៀបចំក្រុងសែនមនោរម្យជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង ភ្ជាប់ស្រុកអូររាំងជាមួយការអភិវឌ្ឍព្រលានយន្តហោះមណ្ឌលគិរី ដែលអាចអភិវឌ្ឍជាតំបន់រណបភ្ជាប់ជាមួយក្រុងសែនមនោរម្យ។

តំបន់ប្រជុំជននៃស្រុកកោះញែក ដែលមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍជាមណ្ឌលទេសចរណ៍នាពេលអនាគត ហើយដែលការអភិវឌ្ឍមានវិសាលភាពទូលាយជាងក្នុងតំបន់អភិរក្ស និងធ្វើសមាហរណតាមច្រកព្រំដែន ដែលអនុញ្ញាតឲ្យមានការអភិវឌ្ឍជារមណីយដ្ឋានសមាហរណកម្ម។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានលើកឡើងថា ផែនការមេនេះនឹងក្លាយជាឯកសារយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ក៏ដូចជាតំបន់ភាគឦសានទាំងមូល ពិសេសរួមចំណែកធ្វើឲ្យតំបន់ភាគឦសានក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ពាក់ព័ន្ធនឹងបញ្ហាកសិ-ឧស្សាហកម្ម និងធនធានរ៉ែ។

លោករដ្ឋមន្ត្រីបានបន្តថា ខេត្តមណ្ឌលគិរីក៏មានសក្ដានុពលធំធេងសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសការអភិវឌ្ឍកសិដ្ឋានផ្កា បន្លែ ផ្លែឈើ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចឈានដល់ការនាំចេញនៅបណ្ដាប្រទេសផ្សេងៗផងដែរ ខណៈដែលសក្តានុពលនេះនៅមិនទាន់ត្រូវបានអភិវឌ្ឍឲ្យបានពេញលេញនៅឡើយ។ លើសពីនេះទៅទៀត ការអនុញ្ញាតឲ្យមានការសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរីនឹងទាក់ទាញភ្ញៀវទេសចរ និងការតភ្ជាប់ពីគោលដៅទេសចរណ៍ខេត្តសៀមរាប រាជធានីភ្នំពេញ និងតំបន់ឆ្នេរមកកាន់ខេត្តមណ្ឌលគិរី និងភូមិភាគឦសាន្តទាំងមូលឲ្យមានភាពកាន់តែងាយស្រួល។

លោកថា៖ «ទៅថ្ងៃអនាគត ព្រលានយន្តហោះខេត្តមណ្ឌលគិរីនេះ អាចនឹងត្រូវប្រើប្រាស់ជាព្រលានយន្តហោះក្នុងតំបន់ តភ្ជាប់ខេត្តមណ្ឌលគិរីទៅគោលដៅទេសចរណ៍ជិតខាង រួមមានប្រទេសថៃ វៀតណាម និងឡាវ ព្រមជាមួយទីក្រុងសំខាន់ៗរបស់អាស៊ាន និងប្រទេសផ្សេងទៀត ដូចជាប្រទេសជប៉ុន កូរ៉េ អូស្ត្រាលី និងតំបន់មជ្ឈិមបូព៌ាជាដើម ដែលប្រើរយៈពេលហោះហើរចន្លោះពី ៥-៧ម៉ោង»។

ខេត្តមណ្ឌលគិរីមានភាពខ្លាំង និងអំណោយផលដល់ការអភិវឌ្ឍជាគោលដៅអេកូទេសចរណ៍លំដាប់ខ្ពស់ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តឲ្យបានច្រើន និងមកច្រើនដង បង្កើតនិងបង្កើនការងារ បង្កើនចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។ សក្តានុពលនៃតំបន់អភិរក្ស និងដែនជម្រកសត្វព្រៃទាំង៥ក្នុងខេត្តមណ្ឌលគិរី ដែលមានទំហំជាង១លានហិកតា គឺជាសម្បត្តិធម្មជាតិដ៏មហាសាលសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍ និងដែលមានលក្ខណៈប្រហាក់ប្រហែលនឹងតំបន់អារ៉ែងនៃជួរភ្នំក្រវាញខាងត្បូង (ភាគនិរតីនៃប្រទេស) ដែលត្រូវបានចាត់ទុកជាតំបន់ព្រៃត្រូពិកចុងក្រោយដ៏សំខាន់របស់តំបន់អាស៊ីអាគ្នេយ៍៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក