
លោក ហ៊ុន ម៉ាណែត កោតសរសើរការលះបង់របស់ក្រុមគ្រូពេទ្យនិងកម្លាំងសាធារណៈក្នុងយុទ្ធនាការប្រឆាំងកូវីដ-១៩
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យលោកស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសារអាហារសាមគ្គីជាមួយនឹងកងកម្លាំងដែលបានចូលរួមយុទ្ធនាការប្រឆាំង-១៩ នៅល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅដឺព្រេមៀសេនធ័រសែនសុខដោយថាពេលវេលា និងស្មារតីដែលយើងទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺបានមកពីការចូលរួមពីកម្លាំងសរុបរួមមាន ក្រុមគ្រូពេទ្យ អាជ្ញាធរ កងកម្លាំង ផ្នែកសេវា និងផ្នែកពាក់ព័ន្ធដទៃទៀតដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្តដើម្បីអនុវត្តភារកិច្ចដើម្បីអនុវត្តភារកិច្ចរៀបចំមជ្ឈមណ្ឌលព្យាបាល និងព្យាបាលជំងឺកូវីដ-១៩។
លោកបន្ថែមថា ការប្រឈមនឹងការលំបាក និងហានិភ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺជាការលះបង់ និងជាការអត់ធ្មត់តស៊ូរបស់កងកម្លាំងក្នុងការរៀបចំមជ្ឈមណ្ឌលព្យាបាល និងព្យាបាលជំងឺកូវីដ-១៩ នាពេលកន្លងមក។
ក្នុងឱកាសនេះលោកក៏បានថ្លែងអំណរគុណ កងកម្លាំង ក្រុមគ្រូពេទ្យ និងផ្នែកពាក់ព័ន្ធដទៃទៀតដែលដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហាលខ្យល់ ហាលភ្លៀង ហាលក្តៅ រហូតធ្វើឱ្យយើងទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានយុទ្ធសាស្ត្រ និងការសម្រេចចិត្តច្បាស់លាស់ក្នុងការទប់ស្កាត់នៃការរីករាលដាលជំងឺកូវី-១៩៕